នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជឹមលាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២និងជាសមាជិកគណៈកម្មការទី១ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ដើម្បីចូលរួមវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់ព័ត៌មាន នៅសាលាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ប្រជាការពារភូមិ មកពីឃុំទាំង៧ នៃស្រុកអូរាំងឪ សរុបចំនួន៩១នាក់។វេទិកាថ្នាក់ស្រុកនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការអនុវត្តតួនាទី ភារិកិច្ច គោលនយោយបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃត្រូវបង់ ការអនុវត្តគម្រោងវិនិយោគឃុំ សង្កាត់ និងនិតិវិធីគម្រោងផែនការថវិកា និងបញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានជួបប្រទះក្នុងអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក។