Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា អញ្ជើញទៅទស្សនកិច្ច និងចូលរួមទស្សនា ពិធីតាំងពិព័រណ៍ នៅរដ្ឋ IOWA សហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤)

   ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2024
cm3-09-08-2014-6
cm3-09-08-2014-7 cm3-09-08-2014-8

តបតាមការអញ្ជើញពីឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា សភាពាណិជ្ជកម្ម និងក្រុមហ៊ុនដែលមានជំនាញផ្នែកកសិកម្ម កសិឧស្សាហកម្ម សរុបចំនួន១៣ក្រុមហ៊ុន ទៅចូលរួមទស្សនាពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម ស្តីពី កសិកម្ម កសិឧស្សាហកម្ម និងបច្ចេកវិទ្យាកសិកម្ម នៅរដ្ឋ IOWA សហ-រដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤។
ពិធីតាំងពិព័រណ៍នេះមានក្រុមហ៊ុនជាង៦០០ បានចូលរួមដាក់បង្ហាញផលិតផល របស់ពួកគេ និងមានអ្នកចូលរួមទស្សនាគ្រប់ជាតិសាសន៍ មកពីទ្វីបទាំង៥ទូទាំងពិភពលោក។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺ ដើម្បីឲ្យពាណិជ្ជករ និងធុរជនកម្ពុជា បានឈ្វេងយល់ អំពី បច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍ល្អៗពាក់ព័ន្ធទៅនឹងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ដើម្បីយកមកអភិវឌ្ឍវិស័យនេះនៅកម្ពុជា។
នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតប្រធានបានដឹកនាំគណៈប្រិតភូអញ្ជើញចូលរួមទស្សនា ពិព័រណ៍គ្រឿងចក្រកសិកម្មសហរដ្ឋអាមេរិក និងក្រុមហ៊ុនផ្សេងៗទៀតសរុបជាង៦០០ក្រុមហ៊ុន ដែលបានតាំងផលិតផលរបស់ពួកគេ បន្ទាប់មកគណៈប្រតិភូបានចូលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន០៣ គឺ ៖
១- ក្រុមហ៊ុន Global Ag Solution ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យគ្រឿងចក្រនិងបរិក្ខារកសិកម្ម។
២- ក្រុមហ៊ុន LYNXAG.LLC ជំនាញផលិតឧបករណ៍បរិក្ខារស្រោចស្រព្វជី និងសារ-ធាតុបំប៉ន ដែលជាបច្ចេកទេសថ្មីបំផុត អាចធ្វើឲ្យកំណើនទិន្នផលកសិកម្ម និងគុណភាពដីល្អប្រសើរជាងមុន ដែលកម្ពុជាកំពុងត្រូវការបំផុត។
៣- ក្រុមហ៊ុន Stine Seed Company ជំនាញផលិតពូជពោតល្អជាងគេនៅទូទាំងសហរដ្ឋអាមេរិក និងអាមេរិកខាងត្បូង។ កិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុនបានសន្យា សិក្សានិងពិនិត្យលទ្ធភាព ដើម្បីផលិតពូជពោតសម្រាប់តំបន់ត្រូពិច ពិសេសនៅកម្ពុជា។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតប្រធានបានដឹកនាំគណៈប្រិតិភូចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Terry Branstad អភិបាលរដ្ឋ IOWA ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអភិបាលរដ្ឋ IOWA បានជម្រាបជូនគណៈប្រតិភូជ្រាបថា រដ្ឋ IOWA គឺជារដ្ឋធំបំផុតនៅសហរដ្ឋអាមេរិក ដែលផលិតកសិផលគ្រប់ប្រភេទ និងសាច់ជ្រូក សម្រាប់ ការតម្រូវទីផ្សារសហរដ្ឋអាមេរិក និងនាំចេញទៅបរទេស។ ឯកឧត្តមអភិបាលរដ្ឋ បានបញ្ជាក់បន្ថែមថា ជាកិត្តិយសណាស់ដែលគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមពិធីតាំងពិព័រណ៍នេះ ពីព្រោះពិធីនេះ ធ្វើឡើងដើម្បីបង្ហាញពីការរីកចម្រើនលើបច្ចេកវិទ្យាគ្រឿងយន្តកសិកម្ម បច្ចេកទេសរៀបចំដី ការដាំដុះ ការថែទាំ ការប្រើប្រាស់ជីដើម្បីទទួលបានទិន្នផលខ្ពស់ និងការប្រមូលផលតាមលក្ខណៈប្រព័ន្ធបច្ចេកវិទ្យា។
បន្ទាប់មកទៀត គណៈប្រតិភូ ក៏បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន Hawkeye Steel ជំនាញផលិតឧបករណ៍និងបរិក្ខារគ្រប់ប្រភេទ បម្រើឲ្យវិស័យ ចិញ្ចឹមសត្វ ដូចជា ៖ ជ្រូកនិងមាន់ជាដើម ហើយតំណាងក្រុមហ៊ុនក៏បានសន្យាផងដែរថា នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីសិក្សា រកឱកាសបណ្តាក់ទុន វិនិយោគនៅកម្ពុជា និងចែកចាយផលិតផលរបស់ខ្លួននៅក្នុងតំបន់អាស៊ី ពីព្រោះក្រុមហ៊ុន មានបទពិសោធន៍ធ្លាប់បានធ្វើការជាមួយ ក្រុមហ៊ុននៅប្រទេសហ្វីលីពីនរួចមកហើយ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតប្រធានបានដឹកនាំគណៈប្រតិភូ អញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌលពិសោធន៍ ISU Horticulture Research Station ដើម្បីទស្សនា អំពី ការពិសោធជ្រើសរើសនិងផលិតពូជ ដូចជា ៖ ផ្លែប៉ោម ទំពាំងបាយជូរ បន្លែគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រីនិងអណ្តើកផងដែរ។
នាពេលចុងក្រោយ គណៈប្រតិភូបានអញ្ជើញបន្តទស្សនកិច្ចមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ រុក្ខជាតិនិងបន្លែ សម្រាប់ដាំដុះនៅប្រទេសដែលមានសីតុណ្ហភាពក្តៅ ព្រមទាំងទស្សនាប្រភេទពូជរុក្ខជាតិថ្មីៗដែលអ្នកវិទ្យាសាស្ត្រអាមេរិកបង្កើតឡើង សម្រាប់ដាំនៅលើទឹកដីនៃប្រទេសរបស់ពួកគេ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិតប្រធានក៏បានឆ្លៀតឱកាសរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយរដ្ឋIOWA និងបណ្តាក្រុមហ៊ុនធំៗនៅសហរដ្ឋអា-មេរិក ហើយសង្ឃឹមថា ក្រុមហ៊ុនទាំងនោះនឹងមកទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុននានានៅកម្ពុជា ក៏ដូចជាការស្នើសុំចូលជួបសម្តែងការគួរសមចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងបំណងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៅតាមវិស័យជំនាញនីមួយៗ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី