នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយថ្នាក់ដឹកនាំលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ គោលបំណងនៃជំនួបនាពេលនេះ គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើរបាយការណ៍ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភាទាក់ទងនឹងសំណើរបស់តំណាងជនជាតិដើមភាគតិចចំនួន ១៦នាក់ មកពី១៦អំបូរជនជាតិ និងតំណាងឱ្យសហគមន៍ជនជាតិដើម ១២ខេត្ត ក្រុង បានដាក់សំណើគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីសុំការអនុញ្ញារជួប និងគោរពផ្តល់ជូននូវសេចក្តីថ្លែងការណ៍រួម និងរបាយការណ៍នៃលទ្ធផលពិគ្រោះយោបល់ផ្តល់ធាតុចូល ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន