នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី៤រដ្ឋសភា ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ល្អប្រពៃ ជាអ្នកស្នេហាជាតិ សាសនា និងបានរួមសុខ រួមទុក្ខជាមួយបងប្អូនជនជាតិជារៀងរហូត ព្រមទាំងបានធ្វើពលិកម្ម ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សពរបស់ឯកឧត្តម ប៊ូ ឡាំ បានប្រារព្ធពិធីទៅតាមប្រពៃណីយ៍ព្រះពុទ្ធសាសនា និងជនជាតិដើម នៅគេហដ្ឋាន ឯកឧត្តម ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន