រសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង២:៣០រសៀល នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ជាប្រធាន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោកជំទាវ ត្រឹង ថាវី តំណាងរាស្ត្រខេត្តក្រចេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងសិក្សាឈ្វេងយល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងការអនុវត្តការងារកន្លងមក រួមមាន៖ ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ ការងារលទ្ធកម្ម និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពី មេឃុំ ស្មៀន និងនាយប៉ុស្តិ៍ ក្នុងឃុំក្បាលដំរី និងឃុំអូរគ្រៀង។ រសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលនិងសួរសុខទុក្ខ ជាមួយ មេឃុំ ស្មៀន និងនាយប៉ុស្តិ៍រដ្ឋបាលរួចមកគណៈប្រតិភូបានបន្តដំណើរទៅចូលមើលកន្លែងដាំកូនឈើ ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅដាំកូនឈើក្នុងព្រះរាជពិធី រុក្ខទិវា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៩ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដោយនៅទីនោះមានមន្ត្រីមន្ទីរកសិកម្មមួយចំនួននៅរងចាំទទួល។