នាព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក នៅឧបដ្ឋានសាលាក្នុងវត្តពោធិជ័យ មានរៀបចំកិច្ចប្រជុំមួយដោយគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធីបុណ្យសម្ពោធកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងក្រោមអធិបតីភាព ព្រះរតនញាណ ប៊ុន សារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខេត្ត ព្រះចៅអធិការវត្តពោធិជ័យ ហើយអង្គប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការរៀបចំបុណ្យ។ សមាសភាពចូលរួមប្រជុំមានឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ ឯកឧត្តម ណយ ស្រូន អនុប្រធាន ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ញាណ ភឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយអភិបាលរងខេត្តជាច្រើនរូប ព្រមទាំងសមាជិក សមាជិកាគណៈកម្មការបុណ្យទាំងអស់ ដើម្បីស្តាប់សេចក្តីរបាយការណ៍របស់អនុគណៈកម្មការរៀបចំបុណ្យ អំពីវឌ្ឍនភាពនៃការអនុវត្តការងារដោយផ្តោតលើចំណុចសំខាន់៣៖ទី១-លទ្ឋផលការងារដែលសម្រេចបាន។ទី២-លទ្ធផលការងារដែលកំពុងធ្វើ។ ទី៣-ការងារដែលនៅសេសសល់ហើយត្រូវបញ្ចប់ឲ្យបានមុនប្រារព្វពិធី ។ ក្នុងឱកាសនោះ ឯកឧត្តម យ៉ង់ សែម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក និងសមាជិកក្នុងគណៈកម្មការ អនុគណៈកម្មការ ទាំងអស់ដែលបានសហការ និងជួយចាត់ចែងការងាររៀបចំ ដែលរហូតមកដល់ពេលនេះសម្រេចបានលទ្ធផលទៅតាមផែនការ ហើយជាមួយនេះ ឯកឧត្តម ក៏ផ្តាំផ្ញើរសមាជិកគណៈកម្មការរៀបចំបុណ្យខិតខំបំពេញកិច្ចការដែលនៅសេសសល់ឲ្យបានសម្រេចទាន់ពេលវេលា ដើម្បីអោយពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។