នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកោះកុង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទី គណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលខេត្តកោះកុង ដឹកនាំដោយឯកឧត្តម ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដីខេត្ត មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរអប់រំ និងកីឡា អធិការប៉ូលីសក្រុង-ស្រុក នៃខេត្តកោះកុង ដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការផ្តល់ថវិកាពីថ្នាក់ជាតិសម្រាប់ដំណេីរការនិងអភិវឌ្ឍន៍ពន្ធនាគារដេីម្បីធានាក្នុងការអនវត្តសិទ្ធិអ្នកជាប់ឃុំ ក្នុងគោលបំណងស្តាប់សេចក្តីរាយការណ៍ការងាររបស់ខេត្ត និងអង្គភាពចំណុះខេត្ត ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពររបស់ខេត្ត៕