Responsive image
  
ការចុះសួរសុខទុក្ខ និងផ្តល់ថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់គ្រួសារសព និងអ្នករបួសដែលបណ្តាលមកពីបាក់រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ
 ថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024

កាលពីថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹង ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តសសរ ១០០ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៨  អមដំណើរដោយលោកជំទាវ ត្រឹង ថាវី សមាជិការដ្ឋសភាមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា រួមជាមួយលោក សោម សារិទ្ធ អភិបាលស្រុកសំបូរ បាននាំយកថវិកាដែលឧបត្ថម្ភដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់គ្រួសារសពលោក ទេព ណី អាយុ ៤៨ឆ្នាំ និង លោកស្រី ព្រំ ដែន អាយុ៤៥ឆ្នាំ ជាប្តី ប្រពន្ធដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុរលំអាគារ ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ ។

នៅក្នុងឳកាសនោះ គណៈប្រតិភូបាននាំយកនូវការរំលែកទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារដែលជាកូន និងជីដូន ដែលបានកំពុងសោកសៅក្នុងការបាត់បង់ឪពុក ម្តាយ និងកូន ។

នៅលើវត្តសសរ ១០០ ចំពោះមុខព្រះភក្រ្តព្រះគ្រូអនុគុណ និងលោកអាចារ្យ   គណៈប្រតិភូ និងក្រុមគ្រួសារ បានអុចធូបបួងសួងដល់វិញ្ញាណក្ខន្តអ្នកស្លាប់ទាំងពីរនាក់ ប្តី ប្រពន្ធ សូមឲ្យទៅកាន់សុគតិភព ក្នុងទឹកមុខស្រងូតស្រងាត់ ។ ហើយក្នុងពេលនោះដែរ តាងនាងជាកូនច្បង តំណាងឲ្យគ្រួសារសព បានសម្តែងនូវទុក្ខសោក​ និងថ្លែងអំណរគុណចំពោះ  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់នូវថវិកាដ៏ថ្លៃថ្លាជួយដល់គ្រួសារសព និងបានបួងសួងដល់បារមីវត្តសសរ ១០០ សូមជួយបីបាច់ថែរក្សា សម្តេចប្រធាន និង ក្រុមគ្រួសារ និងសូមឲ្យប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ប្រការ ។

ជាមួយនេះនៅក្នុងពេលជួបសួរសុខទុក្ខគ្រួសារសព គណៈប្រតិភូ ក៏បានទទួលព័ត៌មានថា មានកូនស្រីម្នាក់ទៀត ឈ្មោះ អ៊ុន ណេង អាយុ ១៨ឆ្នាំ ក៏បានទទួលរងរបួស ក្នុងឧបទ្ទវហេតុនោះដែរ ហើយកំពុងសម្រាកព្យាបាលនៅក្នុងខេត្តព្រះសីហនុ ហើយឈ្មោះ អ៊ុន ណេង នេះបានទទួលថវិការួចហើយ ។

ដោយឡែកចំពោះអ្នករបួស ឈ្មោះ សាន ល័ក្ខ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំ-ស្រែជិៈ ទល់ដែនខេត្តមណ្ឌលគិរី ត្រូវបានលោក សោម សារិទ្ធ អភិបាលស្រុកសំបូរធានានាំយកថវិការបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅជូនផ្ទាល់ ។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី