ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា
ថ្ងៃទី 2 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា ដល់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តបាត់ដំបង ចំនួន១៥នាក់ ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា។ថ្លែងក្នុងពិធីធ្វើបទបង្ហាញនេះ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថា
ព្រឹទ្ធសភាគឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានមុខងារសំខាន់បី គឺទី១មុខងារនីតិកម្ម ដែលជាមុខងារធ្វើច្បាប់ អនុម័តច្បាប់ ទី២មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួត ពិនិត្យក្នុងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣មុខងារតំណាង ដែលជាមុខងារតំណាងឲ្យផលប្រយោជន៍ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាតំណាង ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាកើតឡើងតាមការបោះឆ្នោតជាអសកល ដែលមានសមាជិកពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា ដូចនេះសមាជិកព្រឹទ្ធសភា សរុបចំនួន៦១រូប ហើយក្នុងនោះសមាជិកព្រឹទ្ធសភា២រូបតែងតាំងដោយព្រះមហាក្សត្រ ២រូបជ្រើសតាំងដោយរដ្ឋសភា និង៥៧រូបកើតពីការបោះឆ្នោតរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងមុខតំណែង។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ព្រឹទ្ធសភាមានរចនាសម្ព័ន្ធ២ ក្នុងនោះមានរចនា សម្ព័ន្ធនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាល។ រចនាសម្ព័ន្ធនយោបាយ ព្រឹទ្ធសភាមាន ប្រធាន០១រូប អនុប្រធាន២រូប គណៈកម្មការជំនាញចំនួន១០។ ព្រឹទ្ធសភាក៏មានក្រុមសមាជិកព្រឹទ្ធសភាទាំង៨ភូមិភាគ ក្រុមមិត្តភាពជាមួយបណ្តាប្រទេសជាដៃគូនានា និងមានក្រុមសមាជិកាព្រឹទ្ធសភា។ ចំពោះរចនាសម្ព័ន្ធរដ្ឋបាល ព្រឹទ្ធសភា មានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការឲ្យ ព្រឹទ្ធសភាសម្រាប់ធានាក្នុងការងាររដ្ឋបាល ដល់សមាជិកព្រឹទ្ធសភា ដែលក្នុងនោះមានអគ្គនាយកដ្ឋានចំនួនបីគឺ អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ក្នុងឱកាសពិធីធ្វើបទបង្ហាញនេះ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ក៏បានឧបត្តម្ភថវិកាជូនដល់លោកសាស្ត្រាចារ្យ និងនិស្សិត ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៥០.០០០រៀល(ប្រាំម៉ឺនរៀល)៕
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន
ÂÂ
អត្ថបទពាក់ព័ន្ធ