Responsive image
  
ឯកឧត្តម យ៉ង់ សែម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវេទិកាថ្នាក់ខេត្ត ស្តីពីការបង្កើនសមត្ថភាព និងការអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
 ថ្ងៃទី 14 ខែសីហា ឆ្នាំ2024
cm1-12-08-2015-1 cm1-12-08-2015-2
cm1-12-08-2015-3 cm1-12-08-2015-3

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រុមសមជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំអង្គវេទិកាថ្នាក់ខេត្ត ស្តីពីការបង្កើនសមត្ថភាព និងការអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម អនុប្រ ធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង-ស្រុក-ខេត្ត ថ្នាក់ដឹកនាំខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសហការរៀបចំដោយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងវិទ្យាស្ថានសភាកម្ពុជា(PIC)។
ឯកឧត្តម យ៉ង់ សែម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ថា អង្គវេទិកាដែលរៀបចំឡើងនាពេលនេះ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តមណ្ឌលគិរី ដើម្បីរកវិធីសាស្ត្រ កែលម្អ សំដៅពង្រឹងកិច្ចអភិវឌ្ឍមូលដ្ឋាន និងដើម្បីផ្សព្វផ្សាយគោលនយោបាយថ្នាក់ជាតិ តាមរយៈបទបង្ហាញរបស់ក្រសួងជំនាញព្រមទាំងជំរុញឲ្យអាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធរិះរិកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលរួមមានការចុះបញ្ជីដីសហគមន៍ដែលនៅសល់ និងជំរុញឲ្យថ្នាក់ជាតិ ឬក្រសួងជំនាញជួយពន្លឿនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានសន្យាធ្វើនៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋព្រមទាំងជួបសំណេះសំណាលជា មួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោត។
ឯកឧត្តម បានប្រសាសន៍បន្តថា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលមានការបេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រង បន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ គឺសំដៅធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបំពេញការងារបានគ្រប់ជ្រុងជ្រោយ ដោយមានគណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់ សេវាសាធារណៈ ការអភិវឌ្ឍន៍មូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។ ហើយឆ្លងតាមការអនុវត្តគោលនយោបាយកំណែទម្រង់នេះនៅថ្នាក់ឃុំ-សង្កាត់ រយៈពេលជាងមួយទសវត្សស៍កន្លងមក បានធ្វើឲ្យមានការយល់ដឹង និងការរីកចម្រើនយ៉ាងទូលំទូលាយទាំងក្នុងស្ថាប័នជាតិ និងរដ្ឋាបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិលប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាអំពីសារសំខាន់នៃកំណែទម្រង់នេះក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិ។ សមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈ ការនៅថ្នាក់ឃុំ-សង្កាត់ បានលើកទឹកចិត្តឲ្យយើងប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត នៅថ្នាក់មូលដ្ឋានទូទាំងប្រទេសក៏ដូចជាខេត្តមណ្ឌលគិរី ដែលទាំងនេះបានបង្ហាញឲ្យឃើញច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជាតិយើងទាំងមូល។
ឯកឧត្តម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិទី៨ បានមានប្រសាសន៍ទៀតថា ជាក់ស្តែងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងព្រឹទ្ធសភា និងការចុះមូលដ្ឋានជួបជាមួយម្ចាស់ឆ្នោត សវនាការជាមួយអាជ្ញាធរមូលដ្ឋាន ស្វែងយល់អំពីការងារទាំងឡាយព្រមទាំងរៀបចំវេទិកានានា។ ហើយតាមរយៈវេទិកានាពេលនេះ សង្ឃឹមថា សមាជិកសមាជិកាព្រឹទ្ធសភា ដ៏ដូចជាអ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹង ចំណេះធ្វើថ្មីៗ ព្រមទាំងចូលរួមស្តាប់ដោយយកចិត្តទុកដាក់នូវការធ្វើបទបង្ហាញនាពេលបន្តិតទៀតនេះ របស់ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី