គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយឯកឧត្តម ឈួរច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
ថ្ងៃទី 7 ខែសីហា ឆ្នាំ2024
នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់សេចក្តីរាយការណ៍ស្តីពីការដោះស្រាយ ពាក្យ បណ្តឹងរបស់ប្រជាពលរដ្ឋនិងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមកនិងសំណូមពរផ្សេងៗ ដោយសមាសភាព អញ្ជើញចូលរួមរួមមាន៖ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុកប្រធានក្រុមប្រឹក្សាក្រុង-ស្រុក ស្នងការប៉ូលីសខេត្តមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមន្ទីរនានាក្នុងខេត្ត។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាស៍ថាគោលបំណងរបស់គណៈកម្មការទី១ ព្រឹទ្ធសភាចុះបំពេញ បេសកកម្មនាពេលនេះគឺ ដើម្បីស្តាប់សេចក្តីរាយការណ៍ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនិងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមកនិងសំណូមពរផ្សេងៗរបស់អាជ្ញាធរខេត្ត។
ឯកឧត្តម ប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍លើកឡើងអំពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា និងគណៈកម្មការទី១ព្រឹទ្ធសភា ជូន ដល់អាជ្ញាធរខេត្តផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវត្តមានរបស់ គណៈតិភូគណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម គង់ គាំប្រធានគណៈកម្មការ ក្នុងឱកាសចុះបំពេញបេសកកម្មនៅទឹក ដីខេត្តកំពង់ឆ្នាំងនាពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍រាយការណ៍អំពីសកម្មភាពដែលពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ជាមួយនឹងក្រុមហ៊ុនឯកជន ដីសម្បទានសង្គមកិច្ចការបែងចែកដីរដ្ឋទៅឱ្យប្រជាពលរដ្ឋ ការគោរពសិទិ្ធមនុស្សនិងការអភិវឌ្ឍន៍ទូទាំងខេត្ត កំពង់ឆ្នាំងក៏ដូចជាបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមកជូនដល់ គណៈប្រតិភូ បានជ្រាបផងដែរ។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍វាយតម្លៃខ្ពស់និងកោតសរសើរចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំ ដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋប្រកបដោយសន្តិវិធីគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលធ្វើឲ្យខេត្តមានការរីកចំរើនជាបន្ត បន្ទាប់៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ