គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ
ថ្ងៃទី 21 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ខេត្ត និងអង្គភាពចំណុះខេត្ត ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុងនិងស្រុក ប្រធានក្រុមប្រឹក្សាក្រុង និងស្រុក ស្នងការប៉ូលីសខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងមន្ទីរនានាជុំវិញខេត្ត។
ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានធ្វើរបាយការណ៍ជូនដល់គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា។
ឯកឧត្តម បានមានប្រសាសន៍បន្តថាកន្លងមកចំពោះសកម្មភាពទំនាស់ដីធ្លីក្នុងខេត្តកំពង់ធំអាជ្ញាធរខេត្តបាននឹងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីធានាឲ្យមានប្រសិទ្ធភាព និងឲ្យបានទាន់ពេលវេលា។ ដោយឡែកបញ្ហាអសកម្មមួយចំនួនដែលកើតឡើងដោយសារប្រជាពលរដ្ឋទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដែលជាហេតុបណ្តាលឲ្យក្រុមការងារដោះស្រាយទំនាស់ដីធ្លីខេត្តមានការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមាននីតិវិធីផ្សេងៗក្នុងការដោះស្រាយជូនដល់ពួកគាត់ឲ្យបានល្អប្រសើរ។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា គឺដើម្បីស្តាប់សេចក្តីរាយការណ៍របស់ខេត្ត និងអង្គភាពចំណុះខេត្ត ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពរដែលកើតមានក្នុងខេត្តកំពង់ធំទាំងមូល។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាគឺជាអង្គការនីតិប្បញ្ញត្តិ ដែលមានមុខងារសំខាន់ៗបីទី១-មុខងារនីតិកម្ម ដែលជាមុខងារធ្វើច្បាប់ អនុម័តច្បាប់ និងសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានបញ្ជូនមក ទី២-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣-មុខងារតំណាង ដែលជាមុខងារតំណាងឲ្យផលប្រយោជន៍ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។ គណកម្មការទី១ព្រឹទ្ធសភាគឺជាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ដែលជាសេនាធិការព្រឹទ្ធសភា មានតួនាទីភារកិច្ចពាក់ព័ន្ធនឹងការអង្កេតលើស្ថានភាពសិទ្ធិមនុស្ស និងអង្កេតលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ។
ជាមួយនឹងការធ្វើសេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត ឯកឧត្តម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍អបអរសាទរ និងវាយតម្លៃខ្ពស់ការខិតខំអនុវត្តការងារនាពេលកន្លងមក ដែលតែងតែយកចិត្តទុក្ខដាក់បំពេញការងារបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយនឹងសំណូមពរ និងបញ្ហាលំបាកនានាដែលខេត្តលើកឡើង គណៈកម្មការទី១ នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងផ្តល់ព័ត៌មានដល់ក្រសួង ស្ថាប័នពាក់ព័ន្ធបានជ្រាប៕
អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ