ឯកឧត្តម អ៊ុក គង់ អញ្ជើញជាអធិបតីភាពធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភាជូនសាស្ត្រាចារ្យ និងនិសិត្យមកពីវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានចំនួន៩០នាក់
ថ្ងៃទី 26 ខែមីនា ឆ្នាំ2024
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នៅសាលបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភាជូនសាស្ត្រាចារ្យ និងនិសិត្យមកពីវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានចំនួន៩០នាក់។
ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថា បន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់នៅកម្ពុជាឆ្នាំ១៩៩៨ និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី២ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ព្រឹទ្ធសភានៃព្រះ រាជាណាចក្រមកម្ពុជា បានចាប់បដិសន្ធិឡើង បន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សធំៗទាំងពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ីនប៊ិច នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាបានដំណើរការដល់នីតិកាលទី៣ ដែលមានគណៈកម្មការចំនួន១០ គណៈកម្មការនីមួយៗ មានតួនាទីភារកិច្ច ជាសេនាធិការឲ្យព្រឹទ្ធសភា ដើម្បីជួយជ្រំជ្រែងព្រឹទ្ធសភា ក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ ឲ្យកាន់តែមានភាពល្អប្រសើរឡើង និងចូលរួមចំណែកជំរុញឲ្យការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការនៅកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គម វប្បធម៌ របស់ជាតិប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ ត្រូវធានាការពារយុត្តិធម៌ និងសិទ្ធិមនុស្ស ដើម្បីបង្កើននូវភាពសុខុដុមរមនាយូរអង្វែង ក្នុងសង្គមជាតិ។
បន្ទាប់មកលោក តារា រិទ្ធ ប្រធានរដ្ឋបាលនៃវិទ្យាស្ថានអន្តរជាតិ-អាស៊ាន បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ដែលបានអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា និងថ្លែងអំណរគុណចំពោះឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែលបានអនុញ្ញាត្តឲ្យសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិសិត្សនៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានមកទស្សនកិច្ចសិក្សានៅព្រឹទ្ធសភានាពេលនេះ។
បន្ទាប់មកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិសិត្សនៃវិទ្យាស្ថានអន្តរជាតិ-អាស៊ាន ក៏បានធ្វើ ទស្សនកិច្ចអគារសំខាន់ៗ នានា សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសាលប្រជុំពេញអង្គព្រឹទ្ធសភា ៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ