គណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្ត គង់ គាំ អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ថ្ងៃទី 7 ខែមីនា ឆ្នាំ2024
នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងបរិស្ថាន គណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីស្វែងយល់អំពីសិទ្ធិក្នុងការប្រើប្រាស់ដោយ ពេញលេញ នូវភោគទ្រព្យ និងធនធានធម្មជាតិរបស់ប្រជាពលរដ្ឋ និងការដោះស្រាយវិវាទដីធ្លីនៅក្នុងស្រុកគីរីសាគរ និងបុទុមសាគរ ខេត្តកោះកុង។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលបំណងរបស់គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារនា ពេលនេះ ដើម្បីស្វែងយល់អំពីសិទ្ធិក្នុងការប្រើប្រាស់ដោយពេញលេញនូវភោគទ្រព្យ និងធនធានធម្មជាតិរបស់ប្រជាពលរដ្ឋ និងការដោះស្រាយវិវាទ ដីធ្លីនៅក្នុងស្រុកគីរីសាគរ និងបុទុមសាគរ ខេត្តកោះកុង។
ឯកឧត្តម ក៏បានសំណូមពរសូមឲ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានត្រូវខិតខំយកចិត្តទុកដាក់រាល់ការដោះស្រាយបញ្ហាវិវាទនានា ដែលកើតចេញពីក្រុមហ៊ុនឯកជនជាមួយប្រជាពលរដ្ឋ បញ្ហាបរិស្ថានដូចជាការកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនឯកជន បញ្ហាដីសម្បទានសេដ្ឋកិច្ច ព្រមទាំងបញ្ហាវិវាទនាពេលកន្លងមក និងវិវាទដែលទើបនឹងកើតមានថ្មីៗជូនប្រជាពលរដ្ឋ ឲ្យបានសមរម្យ។
ឯកឧត្តម បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានដែលកន្លងមកបានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយសន្តិវិធី និងមានវិធានការដោះស្រាយបញ្ហាដោយមានស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សព្វ ថ្ងៃនេះក្រសួងបរិស្ថាន កំពង់តែវិវឌ្ឍខ្លួនឲ្យមានការរីក ចម្រើនជាងមុន ជាពិសេសលើរចនាសម្ព័ន្ធផ្នែកប្រព័ន្ធលូរ និងសំរាមតាមទីសាធារណៈនៅតាមបណ្តាលខេត្ត និងរាជធានីភ្នំពេញជាដើម។ ក្រសួងក៏បានបញ្ជូនមន្រ្តីទៅទទួលការបណ្តុះបណ្តាលផ្នែកច្បាប់នៅមហាវិទ្យាល័យ និងមានរង្វាន់លើកទឹកចិត្តចំពោះមន្ត្រីធ្វើការងារសកម្ម និងមន្ត្រី ដែលមានលំនៅដ្ឋាននៅឆ្ងាយ។ ការរៀបចំគោលនយោបាយលើរចនាសម្ព័ន្ធត្រូវបានធ្វើឡើងដោយមានការគ្រប់គ្រងច្បាស់លាស់ ជាពិសេស ការរៀបចំកម្មវិធីអប់រំរបស់មន្ត្រី និងបង្កើនសមត្ថភាពដល់ក្មេងៗជំនាន់ក្រោយ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ទំនាស់រឿងដីធ្លីមានច្រើននិងមានការចូលរួមពីអង្គការដូចជា NGO ជាដើម ហើយពីមុនមកមិនទាន់មាន ការកំណត់ដីច្បាស់លាស់ទេថាតំបន់ណាជាដីភូមិ តំបន់ណាជាដីព្រៃ និងតំបន់ណាជាដីកសិកម្ម។ រាល់ការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលក្នុងព្រៃ ហើយដាច់ឆ្ងាយពីផ្លូវ និងពីមន្ទីរពេទ្យ ខាងក្រសួងនឹងចេញសំណងជូនប្រជាពលរដ្ឋ និងរកកន្លែងលំនៅដ្ឋានថ្មីជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀតប្រសិនបើការអភិវឌ្ឍន៍ទៅប៉ះពាល់ចំតំបន់ប្រាសាទបុរាណ្យក្រសួងតម្រូវឲ្យក្រុមហ៊ុនវាងចេញមិនឲ្យមានការប៉ះពាល់ និងធ្វើការ អភិរ័ក្សទុកឲ្យក្លាយទៅជាតំបន់ទេសចរណ៍វិញ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ