ឯកឧត្តម គង់ គាំ អញ្ជើញដឹកនាំគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថ្ងៃទី 6 ខែមីនា ឆ្នាំ2024
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្វែងយល់អំពីការចុះបញ្ជីដីជាលក្ខណប្រព័ន្ធ និងដាច់ដោយដុំ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការផ្តល់ប័ណ្ណកម្មសិទ្ធិលើដីធ្លីនិងអចលនទ្រព្យជូនប្រជាពលរដ្ឋ និងលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងដីធ្លីដែលបានអនុវត្តនាពេលកន្លងមក។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍ថាជំនួបពិភាក្សា នាពេលនេះមានគោលបំណងដើម្បីស្វែងយល់អំពីការចុះបញ្ជីដីជាលក្ខណប្រព័ន្ធ និងដាច់ដោយដុំ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការផ្តល់ប័ណ្ណកម្មសិទ្ធិលើដីធ្លីនិងអចលនទ្រព្យជូនប្រជាពលរដ្ឋ និងលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងដីធ្លីនាពលេកកន្លងមក។
ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើសេចក្តីរាយការណ៍ថា អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានភារកិច្ចសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងដាច់ដោយដុំ។ ត្រូវកំណត់ស្តង់ដារបច្ចេកទេសសម្រាប់ការកំណត់ព្រំដី ការកសាងប្លង់សុរិយោដី និងការកសាងឯកសារផ្សេងៗព្រមទាំងកំណត់គំរូឯកសារ ដែលត្រូវប្រើក្នុងនីតិវិធីអនុក្រឹត្យស្តីពីការចុះបញ្ជីដីធ្លីមានលក្ខលដាច់ដោយដុំ។ការចុះបញ្ជីមានលក្ខណដាច់ដោយដុំនូវអចលនវត្ថុទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ដែលមិនទាន់បានចុះបញ្ជីដីមានលក្ខណជាប្រព័ន្ធរួច។ មន្ត្រីវាស់វែងដែលទទួលបានការណែនាំពីមន្ត្រីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ ត្រូវអង្កេតរាល់ឯកសារ ភត្ថុតាង និងព័ត៌មានផ្សេងៗជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ ទាក់ទងទៅនឹងសិទ្ធិលើក្បាលដីនីមួយៗក្នុងតំបន់ធ្វើការវិច្ឆ័យ ហើយកត់ត្រាសិទ្ធិទាំងនេះចូលក្នុងទម្រង់បែបបទនៃកាប្រមូលទិន្នន័យក្បាល់ដី។
ឯកឧត្តម បានមានប្រសាសន៍បន្តថា សម្រាប់ការអនុវត្តក្នុងការគ្រប់គ្រងដីធ្លីរដ្ឋជាទូរទៅរដ្ឋគឺជាម្ចាស់នៃដីទាំងអស់ដែលមិនស្ថិតនៅក្រោមការកាន់កាប់របស់បុគ្គលឯកជន ឬដោយសមូហភាពឡើយស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១ ក្បាលដីនីៗត្រូវចុះបញ្ជី ជាដីសាធារណៈរបស់រដ្ឋ ឬជាដីឯកជនរបស់រដ្ឋនៅក្នុងគោលបញ្ជីដីធ្លី ដីរដ្ឋអាចផ្តល់ឲ្យជាសម្បទានដីសង្គមកិច្ច ជាសម្បទានដីសង្គមកិច្ច ឬជាសម្បទានផ្សេងទៀតបានលុះត្រាតែដីនោះត្រូវបានចុះបញ្ជីថាជាដីសាធារណៈរបស់រដ្ឋ ឬជាដីឯកជនរបស់រដ្ឋនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ការធ្វើអត្តសញ្ញាណកម្មតំបន់កាន់កាប់ដីធ្លីជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការធ្វើអត្តសញ្ញាកម្មប្រជាពលរដ្ឋគឺគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក និងក្រុមកាងាររបស់ឃុំនីមួយៗជាអ្នកកំណត់ទីតាំងតំបន់និងទំហំដីត្រូវកាត់ចេញពីដីព្រៃសម្បទាន សម្បទានដីសេដ្ឋកិច្ច និងដីរដ្ឋដែលមានដីកាដកហូតដោយអជ្ញាធរខេត្ត។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ