គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ចុះឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នានា ព្រមទាំងស្តាប់អំពីសភាពការណ៍ទឹកជំនន់ក្នុងខេត្តប៉ៃលិន
ថ្ងៃទី 31 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តប៉ៃលិន គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួល ពាក្យបណ្តឹង និងអង្កេត ហៅកាត់ថាគណៈកម្មករទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងាជា មួយនឹងឯកឧត្តម ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន ដើម្បីសិក្សាឈ្វេងយល់ អំពីស្ថានភាពសិទ្ធិ មនុស្ស និង ការអនុវត្តច្បាប់នានា ព្រមទាំងស្តាប់អំពីសភាពការណ៍ទឹកជំនន់ក្នុងខេត្តប៉ៃលិនដោយ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី ៥ព្រឹទ្ធសភា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ សភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ និង ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តប៉ៃលិនផងដែរ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាគោលបំណងនៃការចុះបេសកកម្មរបស់គណៈកម្មការទី១ព្រឹទ្ធសភានាពេលនេះគឺដើម្បីសិក្សា ឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីស្ថានភាពសិទ្ធិមនុស្ស និង ការអនុវត្តច្បាប់នានា ក្នុងខេត្តប៉ែលិន។ហើយជាមួយ គ្នានោះ ដោយសារប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានទទួលរងនូវទុក្ខលំបាកដែលកើតចេញពីគ្រោះមហន្តរាយទឹកជំនន់នាពេល កន្លងមក គណៈកម្មការក៏មានបំណងចូលរួមរំលែកនូវទុក្ខលំបាក របស់អាជ្ញាធរ ខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត រួមទាំងចង់ប្រមូលព័ត៌មាន អំពីស្ថានភាពទឹកជំនន់ដែលបាន បង្កគ្រោះមហន្តរាយដើម្បីរៀបចំធ្វើជារបាយការណ៍ដាក់ជូន គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាដើម្បីជ្រាបជា ព័ត៌មាន។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ក៏ បាននាំយកអំណោយជាថវិកាចំនួន៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គណៈកម្មការគ្រោះមហន្តរាយខេត្តប៉ៃលិន សម្រាប់ទុកជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ផងដែរ៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន