គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតព្រឹទ្ធសភា ជួបសវនាការការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ នៅខេត្តកែប
ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ2024
កាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៣នៅសាលាខេត្តកែបគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម គឹម ណាំង អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និង ឯកឧត្តម អ៊ុក គង់ លេខាធិការ បានអញ្ជើញជួបសវនាការការងារជាមួយនឹងអាជ្ញាធរខេត្តបណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលដឹកដោយលោកជំទាវព្រំ ចំរើនអភិបាលរងខេត្តកែប។
ឯកឧត្តម គឹម ណាំង អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍ថាគោលបំណង សំខាន់នៃបេសកកម្មរបស់ គណៈកម្មការគឺសំដៅ សិក្សាឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ និងបញ្ហាមួយចំនួនដូចជាករណី ទំនាស់ដីធ្លី ការជួញដូរស្រ្តី និងកុមារ អំពើមនុស្សឃាត ការរំលោភសេពសន្ថវ អំពើហិង្សាគ្រប់រូបភាព ការឃុំឃាំងមនុស្ស ខុសនីតិវិធីព្រមទាំងប្រមូលព័ត៌មានដែលទាក់ទងនឹងវិស័យសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីធ្វើការវាយតម្លៃ និងរៀបចំជា របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភាជ្រាបជាព័ត៌មាន។
ឯកឧត្តម គឹម ណាំង អនុប្រធានគណៈកម្មការ មានប្រសាសន៍បន្តថាព្រឹទ្ធសភា ជាអង្គការនីតិប្បញ្ញត្តិ ហើយបំពេញ ភារកិច្ច របស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និងច្បាប់ជាធរមាន គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ព្រឹទ្ធសភា ជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការនានារបស់ព្រឹទ្ធសភា ដែលទទួលបន្ទុកខាងវិស័យសិទ្ធិមនុស្ស មានភារកិច្ច និងសមត្ថកិច្ចតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភា។
ឯកឧត្តម បានមានប្រសាសន៍ថា ព្រឹទ្ធសភា មានគណៈកម្មការជំនាញចំនួន៩ ជាសេនាធិការផ្ទាល់របស់គណៈកម្មាធិការ អចិន្ត្រែយ៍ និងព្រឹទ្ធសភា ដែលបំពេញមុខងារសំខាន់ចំនួន៣គឺ ទី១-មុខងារនីតិកម្ម ដែលស្តែងឡើងតាមរយៈការធ្វើរបាយការណ៍ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ និងបញ្ហាផេ្សងៗ ដែលមានរដ្ឋាភិបាល និងរដ្ឋសភា បញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ ទី២-មុខងារត្រួតពិនិត្យ គឺធ្វើការតាមដានត្រួតពិនិត្យ ដោយប្រមូលព័ត៌មាន វាយតម្លៃ និងផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាល និងទី៣-មុខងារផ្តល់ព័ត៌មាន មានន័យ ថាគណៈកម្មការនីមួយៗរបស់ ព្រឹទ្ធសភា តែងតែចុះតាមបណ្តាក្រសួង ស្ថាប័ន និងតាមបណ្តាខេត្ត ដើម្បីសិក្សាឈ្វេងយល់ទៅនឹងបញ្ហានានា និងប្រមូល ព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួចធ្វើរបាយការណ៍គោរពរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។
លោកជំទាវព្រំ ចំរើនអភិបាលរងខេត្តកែប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងធ្វើសេចក្តីរាយ- ការណ៍ដោយសង្ខេបអំពីការរីកចម្រើន នៃវិស័យមួយចំនួននៅក្នុងខេត្ត ដូចជា ការងារគ្រប់គ្រងរដ្ឋបាលដែនដី ការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារកសិកម្មធារាសាស្រ្ត ការងារកែលម្អសោភណភាព ទេសចរណ៍ បរិស្ថាន និងធនធាន ធម្មជាតិ ការងារអប់រំសុខាភិបាល ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច កិច្ចការនារី និងការងាររៀបចំដែនដី និងសំណង់ ។
លោកជំទាវ បានមានប្រសាសន៍ថា ជាមួយគ្នានេះដែរមន្ត្រីគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរខេត្ត បណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចអនុវត្តការងារ ធ្វើឲ្យខេត្តកែបមានការរីកចម្រើន លើគ្រប់ វិស័យ ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកជំទាវអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានលើកឡើងបញ្ហាសំខាន់ៗនៅក្នុងខេត្តរួចមក ឯកឧត្តម គឹម ណាំង អនុប្រធាន គណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍កោតសសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យទឹកដីខេត្តកែប មានការរីកចម្រើនគួរឲ្យកត់សំគាល់។អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ