សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី អនុញ្ញាតឲ្យឯកឧត្តម Kongsy SENGDEUANE នាយករងខុទ្ទកាល័យរដ្ឋសភាឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

   ថ្ងៃទី 22 ខែឧសភា ឆ្នាំ2024
com5_21_05_2014_1
com5_21_05_2014_2 com5_21_05_2014_3

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានអនុញ្ញាតឲ្យឯកឧត្តម Kongsy SENGDEUANE នាយករង​ខុទ្ទកាល័យរដ្ឋសភានៃសាធារណរដ្ឋប្រជាធិប- តេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ នៅប្រទេស​ឡាវ ដែលបណ្តាលឲ្យបាត់បង់ជីវិតមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររដ្ឋាភិបាល​របស់​ប្រទេសឡាវ។
លោកជំទាវ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាល និងសភាឡាវ។ ហើយសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​សភាប្រ​ទេស​ទាំងពីរកម្ពុជា-ឡាវ កាន់តែមានភាពស្អិតរមួត និងរីកចម្រើនជាងមុនថែមទៀត។
លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូថា សព្វថ្ងៃនេះព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា កំពង់ដំណើរការនីតិកាលទី៣។លោកជំទាវ បានជម្រាបគណៈប្រតិភូឡាវយ៉ាងខ្លីៗ ពីព្រឹទ្ធសភានីតិកាលទី១ ដែលកើតឡើងដោយការចាត់តាំង ដែលមានសមាជិកពីគណបក្យនយោបាយចំ​នួន​០៣គឺគណបក្យប្រជាជនកម្ពុជា គណបក្យហ្វុនស៊ីនប៉ិច និងគណបក្យសមរង្ស៊ីដែលមាន​អាសនៈ​នៅ​រដ្ឋ​សភា។ ដោយឡែកនីតិកាលទី២ និងនីតិកាលទី៣របស់ព្រឹទ្ធសភា​កើត​ឡើង​ដោយ​កា​របោះឆ្នោតជាអសកល ដែលអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាង​រាស្រ្ត​ក្នុង​តំ​ណែង ហើយសមាជិកព្រឹទ្ធសភាជាប់ឆ្នោតមកពីគណបក្សនយោបាយពីរគឺគណបក្សប្រជា​ជន​កម្ពុជា និងគណបក្សសមរង្ស៊ី។ លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូ អំពីដំណើរការនៃ​ការ​ប្រព្រឹត្តទៅ និងរចនា​សម្ព័ន្ធ និងតួនាទីភារកិច្ច​របស់​ព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
តាងនាមឲ្យគណៈប្រតិភូ ឯកឧត្តម Kongsy SENGDEUANE នាយករង​ខុទ្ទកាល័យរដ្ឋសភាឡាវ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានចំណាយពេលអនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបពិភាក្សាការងារ។
ឯកឧត្តម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេល​នេះ​គឺ​អនុវត្ត​តាមស្មារតីនៃអនុសារណៈរវាងសភាជាតិឡាវ និងសភាកម្ពុជា ដែលបានចុះហត្ថលេ​ខា​កាលពី​ថ្ងៃ​២៥ ខែកក្កដា ឆ្នាំ២០១២កន្លងមក មានគោលបំណងសិក្សាស្វែងយល់ និងដកពិសោ​ធន៍​ការងារ​រវាង​ខុទ្ទកាល័យរដ្ឋសភាឡាវ និងអគ្គលេខាធិការដ្ឋានសភាកម្ពុជា ដើម្បីបំពេញ​​ការងារ​ជា​សេ​នា​ធិ​ការជូនសភាទាំងពីរ ព្រមទាំងបានសិក្សាស្វែងយល់គ្នាទៅវិញទៅមក ឲ្យកាន់តែមាន​លក្ខណៈ​ល្អ​ប្រ​សើរ ក្នុងការបម្រើសេវារដ្ឋបាលជូនដល់ថ្នាក់ ដឹកនាំសភាទាំងពីរ។
ឯកឧត្តម បានបន្តថា តាមរយៈការពង្រឹងពង្រីកឥតឈប់ឈរនូវទំនាក់​ទំនងដ៏ល្អសភា​នៃ​ប្រ​ទេសទាំងពីរបានឈានដល់ការ​ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីដក​បទ​ពិសោធន៍ការងារ ចាប់តាំង​ពី​ថ្នាក់ដឹកនាំសភា គណៈកម្មការនានា រហូតដល់ថ្នាក់ខុទ្ទកាល័យ និងអគ្គលេខាធិការដ្ឋាន​របស់​សភាប្រទេសទាំងពីរផងដែរ។ ឯកឧត្តម សំណូមពរចង់ឲ្យកិច្ច សហប្រតិបត្តិការនេះកាន់តែមាន​គុណ​ភាពថែមទៀត៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១