សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈប្រតិតូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ជួបសម្តែងការគួរសមជាមួយឯកឧត្តម Chen Yuan អនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន

   ថ្ងៃទី 20 ខែសីហា ឆ្នាំ2024
cm5-19-08-2014-11 cm5-19-08-2014-22
cm5-19-08-2014-33 cm5-19-08-2014-44

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញចូលជួបសម្តែងការគួរសមឯកឧត្តម Chen Yuan អនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន។
បន្ទាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម Chen Yuan លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈប្រតិភូ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម អនុប្រធានសភា និងសហការី ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។ លោក ជំទាវ បានគោរពពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា ជា ស៊ីម និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ជូនចំពោះថ្នាក់ដឹកនាំសភា ក្រុមប្រឹក្សានយោបាយប្រជាជនចិន និងថ្នាក់ដឹកនាំប្រជាជាតិចិនទាំងមូល។
លោកជំទាវ បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ច ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា ជាមួយគណៈកម្មាធិការកិច្ចការបរទេស នៃសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន និងដកស្រង់បទពិសោធន៍ការងារល្អៗលើការជំរុញការអនុវត្តគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងប្រទេសនានាលើពិភពលោកនិងស្វែងយល់អំពីការងារគ្រប់គ្រងជនអន្តោប្រវេសន៍ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ក្នុងឱកាសនោះ លោកជំទាវ បានបញ្ជាក់អំពីជំហររបស់ព្រឹទ្ធសភាកម្ពុជា អំពីគោលនយោបាយគាំទ្រចិនតែមួយ។
លោកជំទាវ បានជម្រាបអំពីព្រឹត្តិការណ៍ថ្មីៗ ស្តីអំពីការបញ្ចប់ភាពតានតឹងនយោបាយ ក្រោយពីមានជំនួបចចាររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ដោយឈរលើគោលនយោបាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបង្រួបបង្រួមជាតិ ហើយសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងនោះមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កលក្ខណៈឲ្យគណបក្សសង្រ្គោះជាតិបានចូលរួមក្នុងដំណើរការរដ្ឋសភាជាប្រក្រតី។
ឯកឧត្តម Chen Yuan អនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្ម ការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដែលដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី នាពលេនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា លោកជំទាវ ទី បូរ៉ាស៊ី ជាមិត្តចាស់របស់ប្រជាជនចិន ហើយសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិប្តិការនេះឲ្យកាន់តែទូលំទូលាយថែមទៀត។
ឯកឧត្តម បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពនេះ គឺជាប្រពៃណីដ៏យូរអង្វែង ដែលជាមរតករបស់ថ្នាក់ដឹកនាំជាប្រវត្តិសាស្រ្ត នៃប្រទេសទាំងពីរចិន-កម្ពុជា។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការ នេះនឹងត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។
ឯកឧត្តម បានមានប្រសាសន៍បន្តថា បញ្ហានយោបាយដែលប្រទេសកម្ពុជា បានជួបប្រទះក៏ជាបទពិសោធន៍របស់ប្រទេសចិន ដែលបានជួបប្រទះនៅដំណាក់កាលដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ១៩៤៩ហើយបច្ចុប្បន្ននេះសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន នៅតែអនុវត្តកិច្ចពិភាក្សាពិគ្រោះនយោបាយនេះជាបន្តទៅទៀត។
ទាក់ទងគោលនយោបាយអន្តោប្រវេសន៍ ឯកឧត្តម បានគូសបញ្ចាក់ថា ឥស្សរជន ទាំងឡាយ ដែលបានស្នាក់នៅក្នុងប្រទេសចិនមានច្រើន ជាអ្នកវិនិយោគ ជាសាស្រ្តាចារ្យ ជាអ្នកជំនាញការ និងជាអ្នកសេដ្ឋកិច្ច ជាអ្នកដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសចិនក្នុងឋានៈជាជនអន្តោប្រវេសន៍ ដែលត្រូវបានគ្រប់គ្រងដោយច្បាប់ និងគោលនយោបាយនានារបស់រដ្ឋ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា សភាក្រុមប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសរៀងៗខ្លួន ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចគណៈប្រតិភូទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការទ្វេភាគី។
លោកជំទាវ ប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា តែងតែបានកោតសរសើរចំពោះ នយោបាយចាស់ទុំរបស់ថ្នាក់ដឹកនាំចិន។
ក្រោយពីបានស្តាប់ប្រសាសន៍របស់ឯកឧត្តមអនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អនុប្រធានសភា និងសហការី ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងជូនលិខិតរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលបានស្នើសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនបន្តគាំទ្រ និងឧបត្ថម្ភនូវកង្វះខាតដែលព្រឹទ្ធសភាកម្ពុជាកំពុងជួបប្រទះ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១