សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រែកប្រាំង

   ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ2024


នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តព្រែកប្រាំង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានធ្វើបទមស្សកា បង្សុកូល រាប់បាត្រ ព្រមទាំងវេរទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលបានកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម សម្តេច ស៊ីសុវត្ថិជីវ័នមុនីរ័ក្ស និងឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខទៅហើយនោះ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទេយ្យទាន និងទេយ្យវត្ថុដែលយកទៅប្រគេនព្រះសង្ឃ នាឱកាសនោះ រួមមាន៖ អង្ករ២បាវ ត្រីខ១កេស ទឹកដោះគោខាប់១កេស មីជាតិ២កេសធំ ត្រីងៀត៥គីឡូ ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស និងតែស្ករ នំខ្មែរ ផ្លែឈើ ព្រមទាំងចង្ហាន់ និងបច្ច័យមួយចំនួនធំ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យនៃព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយបានចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់វេនបិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១