នារាត្រីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០នាទី នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកស្ថាបនិកនៃបណ្តាញក្រមសីលធម៌សភាប្រើភាសាបារាំង បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ (Video Conference) ដែលផ្សាយចេញពីខេត្ត Que Bec ប្រទេសកាណាដា។
មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី Mignolet Ariane ប្រធានបណ្តាញក្រមសីលធម៌សមាជិកប្រើភាសាបារាំង ដោយមានរបៀបវារៈដូចជា៖ ១-របៀបវារៈមហាសន្និបាត ២-កំណត់ហេតុពិស្តារស្តីពី ការបង្កើតក្រុមស្ថាបនិក ៣-លក្ខណៈចូលជាសមាជិក ៤-សេក្តីព្រាងដំណោះស្រាយពាក់ព័ន្ធនឹងការបង់វិភាគទានប្រចាំឆ្នាំ ៥-អនុសាសន៍របស់សមាជិកថ្មី ៦-សង្ខេបសកម្មភាពការងាររបស់បណ្តាញក្រមសីលធម៌ ៧-ផែនការសកម្មភាពខែធ្នូ ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១៕