Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាការងារជាមួយសមាគមសហគ្រិនមកពីសាធារណរដ្ឋប្រជាមានិតចិន

   ថ្ងៃទី 27 ខែមីនា ឆ្នាំ2024

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទីរសៀល នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣និងជាប្រធានក្រុមមិត្តភាព ព្រឹទ្ធសភា ជាមួយសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន បានអនុញ្ញាតឲ្យគណៈប្រតិភូសមាជិក សមាគមសហគ្រិនចិនចំនួន៤១នាក់ ដឹកនាំដោយលោក Yin Weidong ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីរកឱកាសបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម រោងចក្រស៊ីម៉ង់ដ៏ ឥដ្ឋការ៉ូ ចានបង្គន់ កែវ ចានព័រសាឡែន រោងចក្រផលិតចំណីសត្វ និងវិស័យ ផ្សេងៗទៀតនៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ សមាជិកសមាគមសហគ្រិនចិនមានគោលបំណងឈ្វេងយល់ពី គោលនយោបាយវិនិយោគរបស់កម្ពុជានិងបានលើកជាសំណួរមួយចំនួន សូមឲ្យឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បកស្រាយ ដូចខាងក្រោម ៖

១-  សង្កេតឃើញថា២ទៅ៣ឆ្នាំកន្លងមកនេះវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមាន ការរីកចម្រើនខ្លាំង តើក្រៅពីវិស័យអចលនទ្រព្យ កម្ពុជាត្រូវការវិនិយោគ លើវិស័យអ្វី?

២-  នៅក្នុងសហគ្រិនទាំងអស់នៅទីនេះ គឺមានមកពីវិស័យកសិកម្មដែលជាក្រុមហ៊ុន    ផលិតថ្នាំដែលផលិតពីដើមរុក្ខជាតិមួយប្រភេទ តើនៅកម្ពុជាអាចដាំរុក្ខជាតិនោះបាន ដែរឬទេ?

៣- ដីនៅកម្ពុជាភាគច្រើនសម្បូរទៅដោយធនធានដែលអាចផលិតស៊ីម៉ង់ដ៍ និងឥដ្ឋការ៉ូ ដូច្នេះប្រសិនណាបើវិនិយោគិនចង់បង្កើតរោងចក្រផលិតនៅកម្ពុជា  តើត្រូវមាន នីតិវិធីអ្វីខ្លះ ឬក៏រាជរដ្ឋាភិបាលអាចមានវិធានការជួយពីបញ្ហានេះ?

៤-  តើរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយអ្វីខ្លះ លើវិស័យកសិកម្មដូចជាការនាំ ចេញអង្ករពីកម្ពុជាទៅទីផ្សារប្រទេសចិន?

៥-  រោងចក្រផលិតចំណីសត្វនៅកម្ពុជាឃើញថាគេយកពោត ស្រូវ និងអង្ករទៅផលិត នៅពេលដែលគេយកអង្ករទៅកិនធ្វើជាចំណីសត្វគឺនៅសល់កន្ទក់ តើគេយកកន្ទក់ នោះទៅធ្វើអ្វី?

៦-  ការផ្ដល់សេវាទូរគមនាគមន៍ នៅប្រទេសក​ម្ពុជាតើរាជរដ្ឋាភិបាល ឬក៏ក្រុមហ៊ុន ឯកជនជាអ្នកផ្គត់ផ្គង់ ហើយនៅប្រទេសកម្ពុជាតើមានទីក្រុង ឬតំបន់បច្ចេកវិទ្យា ព័ត៌មាន ( IT ) ដែរឬទេ?

៧-  នៅតំបន់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានធនធានរ៉ែម្យ៉ាងដែលអាចយកទៅផលិតជា ចានព័រសាឡែនបាន ប្រសិនណាបើអាចសហគ្រិនសូមយកធនធានរ៉ែនោះទៅ ពិសោធន៍បានដែរឬទេ?

៨-  នៅប្រទេសចិនមានរោងចក្រមួយ គឺច្នៃមេរោគឲ្យទៅជាជីមានដូចជាអង្ករដំណើប និងអង្កាម ដូច្នេះសូមសួរថាប្រសិនណាបើប្រទេសចិនផ្ដល់បច្ចេកទេសនេះមក ប្រទេសកម្ពុជា តើមានកន្លែងពិសោធន៍និងបន្សុទ្ធដែរឬទេ?

៩-  កំពង់ផែនៅខេត្តព្រះសីហនុកំពុងផ្សព្វផ្សាយទាក់ទាញវិនិយោគិនឲ្យវិនិយោគតាម ផ្លូវសមុទ្រ តើការវិនិយោគតាមផ្លូវសមុទ្រនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោល នយោបាយអ្វីខ្លះ?

ឆ្លើយតបទៅនឹងសំណួរខាងលើឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបកស្រាយជូនដូចខាងក្រោម ៖

១-  ចំពោះសំណួរខាងលើពិតជាមានសារៈសំខាន់និងសូមជម្រាបថាកម្ពុជាផលិតស្រូវ បាន៣តោនក្នុង១ហិកតា  ពោត៥តោនក្នុង១ហិកតា និងបន្លែនាំចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមចំនួន៥០ទៅ៦០% ការរៀបរាប់ខាងលើកម្ពុជាទទួល ស្គាល់ថាបច្ចេកទេសកន្លងមក គឺនៅមានសភាពខ្សោយ ដូច្នេះនៅកម្ពុជាក្រៅពី វិស័យអចលនទ្រព្យគឺសូមឲ្យវិនិយោគិនទាំងអស់មេត្តាជួយផ្ដល់បច្ចេកទេស ក៏ដូចជា ទុនសម្រាប់វិនិយោគលើវិស័យកសិកម្មនិងកសិឧស្សាហកម្ម។

២​-             សូមឲ្យសហគ្រិនចិនយកពូជរុក្ខជាតិដែលផលិតធ្វើជាថ្នាំមកបណ្ដុះនៅកម្ពុជាព្រម- ទាំងណែនាំអំពីបច្ចេកទេសនៃការដាំដុះ។

៣- ចំពោះរោងចក្រផលិតស៊ីម៉ង់ដ៏ ឯកឧត្តមបណ្ឌិតមិនហ៊ានធានាវត្ថុធាតុដើមទេ ប៉ុន្តែ សម្រាប់រោងចក្រផលិតឥដ្ឋការ៉ូនិងចានព័រសាឡែន គឺឯកឧត្តមធានាមានទីតាំងនិង បង្កើតរោងចក្រ វត្ថុធាតុដើមសម្រាប់ផលិតហៅថាកាយឡាញ់និងស៊ីលីការដែល ទាំងនេះមាននៅតំបន់ឆ្នេរកែវផុស។

៤-            ចំពោះវិស័យកសិកម្មនិងការនាំចេញអង្កររយៈពេល៥ឆ្នាំកន្លងមកនេះ គឺរាជរដ្ឋា-ភិបាលបានគាំទ្រ១០០% ពុំបានយកពន្ធអ្វីទាំងអស់។

៥-          សូមជម្រាបជូនថាបច្ចុប្បន្នកម្ពុជានាំចូលពូជពោតពីប្រទេសថៃមកធ្វើការបណ្ដុះ នៅកម្ពុជា ប៉ុន្តែបានទទួលផលតិចដោយសារបច្ចេកទេសខ្សោយ ចំណែកកន្ទក់ ចុងអង្ករប្រទេសកម្ពុជាពុំខ្វះឡើយ រង់ចាំតែបច្ចេកទេសពីប្រទេសចិនមកកែច្នៃជាចំណី សត្វតែប៉ុណ្ណោះ នោះកម្ពុជាលែងបារម្មណ៍ពីការនាំចូលចំណីសត្វពីប្រទេសថៃ ទៀតហើយ ដែលកន្លងមកនាំចូលចំណីសត្វប្រហែល១០០លានដុល្លារនិងនាំចូល ជ្រូកប្រហែល៥០០លានដុល្លារក្នុង១ឆ្នាំ។

៦-  ចំពោះការផ្ដល់សេវាទូរគមនាគមន៍ គឺរាជរដ្ឋាភិបាលជាអ្នកផ្ដល់ឲ្យ ប៉ុន្តែក្រោយមក បានឲ្យក្រុមហ៊ុនឯកជនទាំងក្នុងនិងក្រៅប្រទេសជាអ្នកផ្ដល់សេវានេះវិញ ចំណែក ទីក្រុង ឬក៏តំបន់ ( IT ) នៅប្រទេសកម្ពុជាពុំទាន់មាននៅឡើយទេ។

៧-  ប្រទេសកម្ពុជាប្រសិនណាបើទទួលបានការវិនិយោគផ្នែកផលិតចានបង្គន់និងឡាបូ នោះកម្ពុជានឹងមានភាពជឿនលឿននិងមិនចំណាយថវិកាច្រើនក្នុងការនាំចូលពី ប្រទេសក្រៅ និងសូមស្វាគមន៍ចំពោះការយកធនធានរ៉ែពីកម្ពុជាទៅពិសោធន៍ ដើម្បី ផ្ដល់បច្ចេកទេសដល់កម្ពុជា ហើយការយកធនធានរ៉ែទៅពិសោធនេះ គឺមិនត្រូវការ ចំណាយថវិកាទេឯកឧត្តមជាអ្នកផ្ដល់ជូន។

៨-            ចំពោះការផ្ដល់បច្ចេកទេសបន្សុទ្ធមេរោគឲ្យទៅជាជី នៅតំបន់អភិវឌ្ឍន៍កែវផុសមាន ទាំងកន្លែងពិសោធន៍និងបន្សុទ្ធទាំងអស់ ហើយបញ្ហានេះរាជរដ្ឋាភិបាលក៏គាំទ្រផងដែរ។

៩-   ការវិនិយោគតាមផ្លូវសមុទ្រ គឺរាជរដ្ឋាភិបាលមានគោលនយោបាយបើកចំហរជើងមេឃ ទទួលគ្រប់ការវិនិយោគ ហើយរូបឯកឧត្តមផ្ទាល់ជាអ្នកសាងសង់កំពង់ផែឯកជន មុនគេនិងដំណើរការមកដល់សព្វថ្ងៃនេះ​​ដែលមានចម្ងាយ៤៦គីឡូម៉ែត្រពីខេត្ត​​​​ព្រះសីហនុ។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាបដល់សហគ្រិនទាំងអស់ ប្រសិនណាបើចង់ដឹងលម្អិត ពាក់ព័ន្ធនឹងនីតិវិធី ឬគោលនយោបាយវិនិយោគនៅកម្ពុជា ឯកឧត្តមនឹងរៀបចំឲ្យជួបជាមួយក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) បាន។

កិច្ចពិភាក្សាបានបញ្ចប់នៅវេលាម៉ោង៣:២៥នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល ក្រោមបរិយា កាសរីករាយនិងស្និទ្ធស្នាលបំផុត៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី