ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការ អមដំណើរដោយក្រុមលេខា គណៈកម្មការទី៣ អញ្ជើញជួបសវនាការ ការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2025
 |
 |
សាលាខេត្តសៀមរាប៖ វេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូ គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការ អមដំណើរដោយក្រុមលេខា គណៈកម្មការទី៣ អញ្ជើញជួបសវនាការ ការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម នូ ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ តំណាងមន្ទីរពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាង សហគមន៍កសិកម្មខេត្ត ដើម្បីសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា។
គោលបំណង សំដៅឲ្យគណៈកម្មការ យល់ច្បាស់ និងស៊ីជម្រៅអំពី៖
០១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ នៅក្នុងខេត្ត និងបច្ចុប្បន្នភាព។
០២-ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ គណៈកម្មការដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងបញ្ហាផ្សេងៗមួយចំនួនទៀត។
០៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹង ការពង្រឹងវិស័យ និតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
០៤-ឈ្វេងយល់អំពី ប្រតិបត្តិការ វិស័យឯកជន និងបញ្ហាប្រឈម។
០៥-ឈ្វេងយល់អំពី ការគ្រប់គ្រង និងការចលនាសហគមន៍កសិកម្ម។
ឯកឧត្តម នូ ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្ត តំណាងមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាង សហគមន៍កសិកម្មខេត្ត បានធ្វើសេចក្តីរាយការណ៍ជូនអំពី ការអភិវឌ្ឍន៍រីកចំរើនរបស់ខេត្ត ក្នុងនោះមានវិស័យ សេវាកម្ម ទេសចរណ៍ វិស័យកសិកម្ម ឧស្សាហកម្ម និងការងារមួយចំនួនទៀត ព្រមទាំងបានលើកឡើងអំពីផលវិបាក ដែលធ្លាប់បានជួបប្រទះ និងភាពងាយស្រួលមួយចំនួនផងដែរ ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ នៃព្រឹទ្ធសភា បានផ្តល់ជាអនុសាសន៍ល្អៗ មួយចំនួនដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធនានា ជាពិសេស សហគមន៍កសិកម្ម គឺមុននឹងចិញ្ចឹមសត្វ ដាំដំណាំកសិកម្មផ្សេងៗ ត្រូវតែសិក្សា រៀនសូត្រ ឲ្យបានច្បាស់លាស់ជាមុនសិន មុននិងធ្វើការសម្រេចចិត្តដាំ និងចិញ្ចឹម ជាសវាងការខាតបង់ថវិកា ជាយថាហេតុ។
ឯកឧត្តមបណ្ឌិត បានណែនាំឲ្យមានការដាំដុះបន្លែគ្រប់ប្រភេទ ដំណាំឈើហូបផ្លែ ឲ្យបានច្រើន សម្រាប់បម្រើដល់សេចក្តីត្រូវការបរិភោគ របស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅខេត្តសៀបរាប ពីព្រោះនៅទីនេះ មានប្រាសាទបុរាណជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលមានការល្បីល្បាញ់ ទូទាំងពិភពលោក ដែលភ្ញៀវជាតិ និងអន្តរជាតិតែងតែចង់មកទស្សនា។
មុននឹងបញ្ចប់សវនាការ ឯកឧត្តម នូ ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្ត បានសន្យាថានិងដឹកនាំគណៈប្រតិភូ សហគមន៍កសិកម្ម ចុះទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីការអភិវឌ្ឍន៍រីកចំរើន លើវិស័យកសិកម្ម កសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធធារាសាស្ត្រ នៅតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕
អត្ថបទពាក់ព័ន្ធ