ឯកឧត្តមបណ្ឌិតម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤)
ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2025
នៅបន្ទប់ប្រជុំគណៈកម្មការទី៣នៃព្រឹទ្ធសភា អគារF វិមានរដ្ឋចម្ការមន នាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤វេលាម៉ោង៩និង៣០នាទី គណៈកម្មការទី៣នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតី-ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។
របៀបវារៈ :
១- បែងចែកភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ។
២- ពិនិត្យនិងពិភាក្សាអំពី គម្រោងបេសកកម្មចន្លោះសម័យប្រជុំ។
៣- ការអនុវត្តថវិការបស់គណៈកម្មការ។
៤- ណែនាំ អំពី តួនាទី ភារកិច្ចរបស់លេខាធិការដ្ឋានអមគណៈកម្មការ។
៥- បញ្ហាផ្សេង៕
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតប្រធាន បានថ្លែងមតិស្វាគមន៍ចំពោះឯកឧត្តមអនុប្រធាន លេខាធិការ ឯកឧត្តម-លោកជំទាវសមាជិកគណៈកម្មការ និងលេខាធិការដ្ឋានអមគណៈកម្មការទី៣ទាំងអស់ដែលវត្តមាន ព្រមទាំងបានជម្រាបជូនអំពីរបៀបវារៈប្រជុំនាព្រឹកនេះ និងដាក់ជូនអង្គប្រជុំ ដើម្បីពិភាក្សាមួយរបៀបវារៈម្តងៗ។
លទ្ធផល :
– របៀបវារៈទី១និងរបៀបវារៈទី៤ : អង្គប្រជុំបានឯកភាពទទួលយកទាំងស្រុង។
– របៀបវារៈទី២ : អង្គប្រជុំឯកភាពស្នើសុំអញ្ជើញតំណាងក្រសួងដែលពាក់ព័ន្ធ ចូលជួបសវនាការការងារ ជាមួយគណៈកម្មការ នៅវិមានព្រឹទ្ធសភា ក្នុងនោះមាន ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក ដែលគណៈកម្មការគ្រោងនឹងអញ្ជើញ។ ចំពោះបញ្ហាបេសកកម្មនៅតាមបណ្តាភូមិភាគនានា ឯកឧត្តមបណ្ឌិតប្រធានសម្រេចឲ្យឯកឧត្តមអនុប្រធាននិងឯកឧត្តមលេខាធិការគណៈកម្មការ ពិភាក្សាគ្នាដើម្បីកំណត់ពេលវេលា ក៏ដូចជាភូមិភាគឲ្យបានច្បាស់លាស់។
– របៀបវារៈទី៣ : អង្គប្រជុំបានឯកភាពអនុវត្តទៅតាមសេចក្តីសម្រេច ស្តីពី ប្រាក់បៀវត្សនិងប្រាក់បំណាច់ធានារ៉ាប់រងសង្គម របបបេសកកម្ម និងរបបឧបត្ថម្ភនានារបស់ព្រឹទ្ធសភា នីតិកាលទី៣។
– របៀបវារៈទី៥ : អង្គប្រជុំបានឯកភាពផ្តល់របាយការណ៍សកម្មភាពការងារប្រចាំខែ សម្រាប់សមាជិក០១រូបៗ ជូនមកលេខាធិការដ្ឋាន យ៉ាងយូរត្រឹមថ្ងៃទី២០ នៃខែនីមួយៗ ដើម្បីលេខាធិការដ្ឋានអមរៀបចំរបាយ-ការណ៍ផ្លូវការនិងចុះក្នុងព្រឹត្តិបត្រព័ត៌មានរបស់គណៈកម្មការ៕
រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖លេខាធិការអមគណៈកម្មការទី៣
អត្ថបទពាក់ព័ន្ធ