នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន(គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញ ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្តព្រះសីហនុដើម្បីសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិន័យជាសមត្ថកិច្ច
របស់គណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តមជាសមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា មន្ត្រីេលខាធិការគណៈកម្មការ ទី៣ព្រឹទ្ធសភា និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន និងមន្ទីរពាក់ព័ន្ធនានាចំណុះឲ្យខេត្តព្រះសីហនុ។
ក្រោយពីបានស្តាប់ប្រសាសន៍រាយការណ៍របស់ឯកឧត្តម ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្តព្រះសីហនុ រួចមក ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ច ប្រជុំនេះគឺដើម្បីសិក្សាឈ្វេងយល់អំពីដំណើរការនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌក្នុងខេត្ត ព្រះសីហនុ និងដំណើរការក្នុងការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងដំណើរការវិស័យ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ (ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន) ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្រោយពីទទួលបានទិន្នន័យអំពី ភាពងាយស្រួលនិងភាពលំបាក នៃការអភិវឌ្ឍលើវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងព័តមានអំពីកម្រិតនៃការចូលរួមរបស់ស្ត្រី ក្នុងការអភិវឌ្ឍមូលដ្ឋាន គោលនយោបាយបញ្ជ្រៀបយេនឌ័រ និងសមភាពយេនឌ័រ គឺដើម្បីកសាងបាននូវ ទំនាក់ទំនង ភាពជិតស្និត រវាងស្ថាប័នព្រឹទ្ធសភាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំចងក្រង ជាសៀវភៅរបាយការណ៍ព័ត៌មាន សម្រាប់សិក្សាស្រាវជ្រាវ អំពីការអភិវឌ្ឍ ការរីកចម្រើន បញ្ហាប្រឈម ដែលទាក់ទងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ជ្រាប។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំអភិវឌ្ឍន៍ខេត្តទទួលបានជោគជ័យជាបន្តបន្ទាប់ហើយជាពិេសសខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ចជាតិជាច្រើនរួមមាន កំពង់ផែរអន្តរជាតិ តំបន់អេកូរទេសចរណ៍ កសិឧស្សាហកម្ម និងឧស្សាហកម្មផ្សេងៗ ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរ ហើយក៏ជាប្រភពទុនដ៏ធំសម្រាប់ប្រមូលចំណូលជាតិ ។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈប្រតិភូក៏បាន ផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្តព្រះសីហនុ គប្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ និងគប្បីពិនិត្យទៅលើការទាក់ទាញវិនិយោ គិនវិស័យឯកជន ដោយផ្តល់នូវបរិយាកាសល្អដល់វិនិយោគិន ដើម្បីវិនិយោគលើវិស័យនានាក្នុងខេត្តរួមទាំងវិស័យទេសចរណ៍ ជាវិស័យអទិភាព និងបន្តអនុវត្តគោលនយោបាយទីក្រុងស្អាតដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ឲ្យមានការកើនឡើង។
ដោយឡែកនារសៀលថ្ងៃដដែលនោះដែរ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញទស្សនកិច្ច តំបន់អភិវឌ្ឍន៍ឧកញ៉ាម៉ុង ក្នុងនោះរួមមានចំការដូងប្រេង ចំការស្វាយ ចំការសាវមាវ ចំការកៅស៊ូ និងកសិដ្ឋានចិញ្ចឹមជ្រូក ដែលស្ថិតស្រុកកែវផុស ខេត្តព្រះសីហនុ៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័តមាន