ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋសភានៃរាជាណាចក្រជប៉ុន ចូលជួបពិភាក្សាការងារ
ថ្ងៃទី 16 ខែមករា ឆ្នាំ2025
 |
 |
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋសភានៃរាជាណាចក្រជប៉ុន ដឹកនាំដោយឯកឧត្តម Hashimoto Hidenori សមាជិករដ្ឋសភា ចូលជួបពិភាក្សាការងារដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការទី៣ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ម៉ែន ស៊ីផាន់ អនុប្រធាន និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ចាន់ ណារ៉េត លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្រោយពីប្រទេសកម្ពុជាឆ្លងកាត់ សង្គ្រាមជាច្រើនឆ្នាំ ប្រទេសកម្ពុជាទទួលរងនូវការខូតខាតយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសកម្ពុជាត្រូវការដៃគូរក្នុងការស្តារ និងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបបវន្តជាច្រើន។តាមរយៈការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ- ការយ៉ាងល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ប្រទេសជប៉ុនបានរួមចំណែកស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាជាច្រើន ដូចជា ស្ពានជ្រោយចង្វា ស្ពានគីសូណា ការកសាងឡើងវិញផ្លូវជាតិលេខ១ និងការស្តារនូវប្រព័ន្ធរំដោះទឹកនៅរាជធានី ភ្នំពេញជាដើម។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថាដោយមានការរីកចម្រើនយ៉ាងរហ័សនូវវិស័យ មួយចំនួនព្រះរាជាណាចក្រ កម្ពុជា ជួបប្រទះនូវបញ្ហាកង្វះនូវថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ ហើយជាពិសេសប្រទេសកម្ពុជាពឹងផ្អែកលើវិស័យ កសិកម្ម ហេតុដូចនេះប្រទេសកម្ពុជាសង្ឃឹមថា ក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងជប៉ុន នឹងជួយគាំទ្រលើវិស័យ ទាំងនេះ ដើម្បីឲ្យប្រទេសកម្ពុជា ទទួលបាននូវការអភិវឌ្ឍកាន់តែប្រសើរឡើង។
ឯកឧត្តម Hashimoto Hidenoriសមាជិករដ្ឋសភាជប៉ុន បានមានប្រសាសន៍បន្តថា គោលបំណងនៃកិច្ចពិភាក្សា នាពេលនេះ គឺដើម្បីផ្សាភ្ជាប់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសជប៉ុន ដើម្បីអភិវឌ្ឍលើការរហោះហើរត្រង់ពីប្រទេស ជប៉ុន មកកាន់ប្រទេសកម្ពុជា និងវិនិយោគសាងសង់ព្រ លានយន្តហោះថ្មីនៅខេត្តកំពង់ឆ្នាំង ព្រមទាំងសិក្សាទៅលើ គម្រោងសាងសង់ផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជប៉ុន-កម្ពុជា ដែលជាទំនាក់ទំនង ប្រវត្តិសាស្ត្រយូរណាស់មកហើយ ប្រទេសជប៉ុនបានជួយគាំទ្រនឹងផ្តល់នូវជំនួយជាច្រើនដល់ប្រទេសកម្ពុជា រួមមាន ជំនួយឥតសំណង និងជំនួយមានការប្រាក់ទាប ព្រមទាំងការគាំទ្រលើការអភិវឌ្ឍវិស័យផ្សេងៗទៀត។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ចំពោះការប្រើប្រាស់ថាមពលវិញ នៅប្រទេសជប៉ុន ប្រើប្រាស់ថាមពល ដោយប្រើពន្លឺព្រះអាទិត្យ និងថាមពលប្រើដោយកង្ហារខ្យល់ ដោយឡែកចំពោះការសាងសង់រោងចក្រដោយប្រើ ថាមពលអគ្គិសនី គឺប្រើប្រាស់ពេលវេលាយូរណាស់គឺចាប់ពី២០ទៅ៣០ឆ្នាំ ហេតុដូចនេះប្រទេសជប៉ុននឹងត្រៀម ពិភាក្សាការងារជាមួយនឹងវិនិយោគគិនជប៉ុនដើម្បីជួយគាំទ្រនិងធ្វើការ វិនិយោគនៅព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យការប្រើប្រាស់ថាមពលនៅព្រះរាជាណាចក្រកម្ពុជាកាន់តែប្រសើរ ឡើង៕
អត្ថបទ៖នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទពាក់ព័ន្ធ