ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី
ថ្ងៃទី 3 ខែមករា ឆ្នាំ2025
កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី ដែលមានទីតាំងស្ថិតនៅ ផ្លូវឧកញ៉ា ម៉ុង, ភូមិកែវផុស, ឃុំកែវផុស, ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនៃពិធីសម្ពោធនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការសម្ពោធដាក់ឲ្យ ប្រើប្រាស់ សាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី គឺ ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរឲ្យមានជំនាញច្បាស់លាស់ ក្នុងនោះមាន :មុខវិជ្ជាគ្រឿងយន្ត កសិកម្ម ដំណាំស្រូវ ផលិតកម្មនិងបសុព្យាបាល ដំណាំហូបផ្លៃ និងដំណាំដូងប្រេងហើយអ្នកដែលអាចចូលរៀន សាលាកសិកម្មនេះបាន គឺ ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ហើយឯកឧត្តមក៏មានសង្ឃឹមថាអ្នកដែលចូលរៀន នៅសាលានេះ ពិតជាបានទទួលនូវ ចំណេះដឹងច្បាស់លាស់ អាចប្រើការបានពីព្រោះមានកន្លែង អនុវត្តច្រើន។
ឯកឧត្តមក៏បានបញ្ជាក់ជូន អំពី មូលហេតុ នៃការបង្កើតសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី ឡើង គឺដោយសារ ឯកឧត្តមបានទៅទស្សនកិច្ចនៅក្រៅប្រទេសច្រើន ហើយឃើញប្រទេស របស់គេធ្វើដូចនេះ “កសិដ្ឋានកសិកម្មធំៗ បានបង្កើតសាលាដូចនេះ នៅក្នុងកសិដ្ឋានរបស់គេតែម្តង”។ ហេតុនេះហើយបានជាឯកឧត្តមបង្កើតឲ្យមានសាលា កសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធីនេះឡើង ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ មុនពួកគេទៅដាំដំណាំ ឬចិញ្ចឹមសត្វ ទើបធ្វើទៅវាមិនខាតនិងមានជីវភាពធូរធារ។
ចំពោះតម្លៃដែលសិស្សត្រូវបង់ឲ្យសាលាវិញ ក្នុងបទសម្ភាសន៍ដាច់ដោយឡែក ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឯកឧត្តមបានបញ្ជាក់ថា ពុំទាន់បានកំណត់នៅឡើយ ប៉ុន្តែយកមិនថ្លៃទេ គ្រាន់តែយកដើម្បីទប់ទល់ ថ្លៃគ្រូបង្រៀន និងការស្នាក់នៅតែប៉ុណ្ណោះ។ ចំពោះអ្នកក្រីក្រ មិនមានលុយបង់ឲ្យសាលាឯកឧត្តមអនុគ្រោះឲ្យចូល រៀនបាន ប៉ុន្តែតែនៅពេលរៀនចប់ត្រូវបម្រើការងារឲ្យក្រុមហ៊ុន ម៉ុង ឫទ្ធី នៅ ទីនោះតាមជំនាញដែលបានរៀនសូត្រ៕
រូបភាព និងអត្ថបទៈលេខាធិការអមគណៈកម្មការទី៣