Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានជួប​ប្រជុំ​ពិភាក្សា​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់​ព័ន្ធ​ជុំ​វិញ​ខេត្ត នៅ​ខេត្តត្បូងឃ្មុំ

   ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ជួបប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តត្បួងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានជួបប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរពាក់ព័ន្ធទាំងអស់ ដឹកនាំដោយឯកឧត្តម ជាម ចន្ទសោភ័ន អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាង ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីសិក្សាឈ្វេងយល់ និងនាំយកនូវមតិយោបល់ និងសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកអូររាំងឪ និងស្រុកពញាក្រែក ដើម្បីពិភាក្សា និងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជាម ចន្ទសោភ័ន អភិបាលនៃគណៈអភិបាលខេត្ត បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងក្នុងនាមតំណាងប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានព័ត៌មានបន្ថែមទៀត ដើម្បីខេត្តធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលអង្គវេទិកាបានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។ ចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន ឯកឧត្តម ជាម ចន្ទសោភ័ន បានសំណូមពរដល់គណៈប្រតិភូ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ុក   ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នាផងដែរ ដើម្បីឆ្លើយតបតាមសំណូមពរ និងតំរូវការរបស់ប្រជាពលរដ្ឋ និងខេត្តមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។ ចំពោះបញ្ហាប្រឈម និងសូមណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី