Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់គណៈប្រតិភូមន្ត្រីរដ្ឋាភិបាល និងតំណាង សង្គមស៊ីវិល ប្រទេសភូមា

   ថ្ងៃទី 27 ខែវិច្ឆិការ ឆ្នាំ2024

com6_27_11_2013_1 com6_27_11_2013_2
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់គណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ច របស់ព្រឹទ្ធសភា ជូនដល់គណៈប្រតិភូមន្ត្រីរដ្ឋាភិបាល និងតំណាងសង្គមស៊ីវិលរបស់ប្រទេសភូមា ចំនួន២៧នាក់  ដែលបានអញ្ជើញមកទស្សនកិច្ច នៅព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តការងារ របស់ព្រឹទ្ធសភា ក្នុងការអភិវឌ្ឍលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
    ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមន្ត្រីរដ្ឋាភិបាលនិងតំណាងសង្គមស៊ីវិលរបស់ប្រទេសភូមានៅព្រឹទ្ធសភា នាពេលនេះពិតជាមានសារសំខាន់ណាស់ក្នុងការសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចនិងការងាររបស់ព្រឹទ្ធសភាក្នុងការអភិវឌ្ឍ លិទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិនាពេលនេះ។
ឯកឧត្តមប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភាកើតឡើងតាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់នៅតាមមណ្ឌលភូមិភាគទាំង៨ ហើយព្រឹទ្ធសភា មានមុខងារសំខាន់ៗ៣គឺទី ១-មុខងារ នីតិកម្ម ដែល ជាមុខងារធ្វើច្បាប់ និងផ្តល់យោបល់ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ដែលរដ្ឋសភា បញ្ជូនមកព្រឹទ្ធសភាទី២-មុខងារ តំណាង ដែលជាមុខងារតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស និងទី៣-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យក្នុងការអនុវត្តច្បាប់នានាដែលបានចូលជា ធរមាន។
គោលបំណងនៃការទស្សនកិច្ចសិក្សានេះ គឺដើម្បីឲ្យមន្ត្រី និងតំណាងអង្គការសង្គមស៊ីវិលនៃប្រទេសភូមាទទួល បានបទពិសោធន៍ អំពីការរៀបចំផែនការនៅថ្នាក់មូលដ្ឋានប្រកបដោយ ការចូលរួម និងតួនាទីរបស់សង្គមស៊ីវិល នៅក្នុងដំណើរការទាំងនោះ ហើយបង្កើនសមត្ថភាពការយល់ដឹងក្នុងដំណើរទស្សនកិច្ចនាពេលនេះទទួលបាននូវអត្ថប្រយោជន៍ នៃ ការចូលរួមជាសាធារណៈ នៅក្នុងការរៀបចំផែនការ និងការផ្តល់សេវានៅថ្នាក់មូលដ្ឋាន តួនាទីរបស់អង្គការសង្គមស៊ីវិល នៅក្នុងកិច្ចអភិវឌ្ឍថ្នាក់មូលដ្ឋាន និងអភិបាលកិច្ចល្អថ្នាក់មូលដ្ឋាន និង គណនេយ្យ ភាពសង្គមការផ្សារភ្ជាប់រវាង ការរៀបចំផែនការនៅថ្នាក់មូលដ្ឋាន និងថ្នាក់ក្រោមជាតិ ទៅនឹងក្របខណ្ឌផែនការអភិវឌ្ឍជាតិនិងបទពិសោធន៍ទាក់ទង នឹងមូលនិធិអភិវឌ្ឍន៍មូលដ្ឋាន គឺមូលនិធិឃុំ សង្កាត់ និង មូលនិធិស្រុក ក្រុង៕

អត្ថបទ៖នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី