នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១៩ ចំនួន៩០នាក់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានអញ្ជើញមកទស្សកិច្ចសិក្សានៅព្រឹទ្ធសភា។
ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ថា ព្រឹទ្ធសភា កើតឡើងតាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលភូមិភាគទាំង៨ ហើយព្រឹទ្ធសភា មានមុខងារសំខាន់ៗ៣គឺ ទី១-មុខងារនីតិកម្ម ដែលជាមុខងារធ្វើច្បាប់ និងផ្តល់យោបល់ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបញ្ជូនមកព្រឹទ្ធសភា ទី២-មុខងារតំណាង ដែលជាមុខងារតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និងទី៣-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យក្នុងការអនុវត្តច្បាប់នានាដែលបានចូលជាធរមាន។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមជាមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១៩ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីការពារ និងស្វែងរកនូវយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទនាយកដ្ឋានព័ត៌មាន