នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញនាំយកឱសថ បរិក្ខារពេទ្យ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្ភារសម្រាប់ក្មេងលេង និងសៀវភៅសរសេរមួយចំនួន ស្មើនឹងទឹកប្រាក់ចំនួន ៥៩១.៨០៨,១៤ដុល្លារអាមេរិកដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ទៅប្រគល់ជូន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងការងារសង្គម និងការងារមនុស្សធម៌ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានមកពីការរួមចំណែករបស់មូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ ក្រោមការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារសម្របសម្រួលដឹកនាំដោយលោក សុខ សំណាង , លោក ជា សុវណ្ណ , លោក ហួត វុត្ថា អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។