នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និជាអ្នកនាំពាក្យព្រឹទ្ធសភា រួមជាមួយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបំពេញទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌាចំកាត់ ស្ថិតនៅភូមិឈើទាល ឃុំជំពូវន្ត ស្រុកជំគិរី ខេត្តកំពត។
ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌាចំកាត់ ជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ដែលបាននិងកំពុងចូលរួមដំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មជារួម និងដោយឡែកវិស័យផលិតកម្មសត្វ (ជ្រូក មាន់ ទា) និងផលិតចំណីសត្វ។ ក្រុមហ៊ុន បានសហការដាក់ទុនវិនិយោគសាងសង់សត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារខ្នាតអន្តរជាតិ ចំនួន ៦លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនគុណភាពសាច់ជ្រូក សមស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ពិសេសចំណីអាហារ ប្រកបដោយស្តង់ដារអនាម័យខ្ពស់សម្រាប់ផ្តត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការបំពេញទស្សនកិច្ចនាឱកាសនេះ គឺជាការលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍវិស័យផលិតកម្មសត្វ សត្តឃាតដ្ឋាន ចំណីអាហារ និងផលិតផលមានដើមកំណើតពីសត្វ កាន់តែសកម្ម ទូលំទូលាយ និងស៊ីជម្រៅថែមទៀត។