នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា តំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមការងារវិស្វករ ចូលជួបពិភាក្សាការងារ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កិច្ចពិភាក្សា បានផ្តោតសំខាន់លើគម្រោងផ្តល់ជំនួយមនុស្សធម៌របស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានជាអាទិ៍ៈ ការសាងសង់អគារ ការផ្គត់ផ្គង់សម្ភារ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស…។ល។ បន្ទាប់ពីមានការណែនាំពីឯកឧត្តម ម៉ម ប៊ុននាង និងបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់លើគម្រោងផ្តល់ជំនួយមនុស្សធម៌របស់អង្គការ Global Life Sharing លោក សុខ សំណាង និងក្រុមវិស្វករ បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តមវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងសហការី ដើម្បីពិនិត្យប្លង់សាងសង់ និងចុះពិនិត្យទីតាំងផ្ទាល់ ព្រមទាំងស្វែងយល់ពីតម្រូវការសម្ភារ និងបច្ចេកទេស។