នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ប្រចាំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អំពីនីតិវិធី និងរបៀបរបបការងាររៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមសម្របសម្រួលដោយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋរដ្ឋសភាកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ។ ពិធីធ្វើបទបង្ហាញដ៏មានសារសំខាន់នេះ គឺមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិក-សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា និងក្រុមប្រឹក្សាយោបល់ នៃគណៈកម្មការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងមន្រ្តីលេខាធិការដ្ឋានអាយប៉ា-កម្ពុជា ជាច្រើនរួម ស្ថិតនៅវិមានរដ្ឋសភា ។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។