នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកម៉ាស៊ីនពិនិត្យសម្ពាធបេះដូង ចំនួន០១គ្រឿង និងម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ ម៉ាក PURELAC ចំនួន ៥.៤៧២កំប៉ុង (ក្នុង១កំប៉ុង=៨០ក្រាម ស្មើនឹង ៤.៣៣៧,៦គីឡូក្រាម) ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប) ព្រមទាំងសួរសុខទុក្ខ និងចែកជូនថវិកាដល់ឪពុក ម្តាយ របស់ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល ដោយចំណាយសរុបថវិកាចំនួន២០លានរៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន