នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពីៈ “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់” (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោមប្រធានបទៈ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បីអាស៊ានគ្មានគ្រឿងញៀន” ។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាជាច្រើនរូប។ ចំណែកសភាជាសមាជិក (AIPA) ទាំង១០ ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ គឺមានចំនួន៧ប្រទេស រួមមាន៖ សភាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំណែកប្រទេស៣ផ្សេងទៀត គឺ ព្រុយណេដារូស្សាឡាម មីយ៉ាន់ម៉ា និងហ្វីលីភីន បានឱ្យមន្រ្តីនៃអគ្គលេខាធិការដ្ឋានសភាចូលរួមជាអ្នកសង្កេតការណ៍។