Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ព្រឹទ្ធសភាកម្ពុជា ទទួលអំណោយជាថ្នាំពេទ្យ និងឧបករណ៍ បរិក្ខាពេទ្យ ពីអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃប្រទេសកូរ៉េ
 ថ្ងៃពុធ ទី​8 ខែមិថុនា ឆ្នាំ​2022

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា ពី អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) ដែលមានដូចជាៈ ថ្នាំពេទ្យ និងគ្រឿងសម្ភារៈ បរិក្ខាពេទ្យ ។

ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ, អ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម  Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ-រដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី១០ និង គណៈកម្មការទី៨ នៃព្រឹទ្ធសភា , តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកល និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្ថិតនៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ តំណាងក្រុមការងារសម្របសម្រួលជំនួយមនុស្សធម៌ខាងលើ បានឱ្យដឹងថា ជំនួយដែលអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួម​​មានបរិក្ខាពេទ្យ និងថ្នាំពេទ្យ ដែលសរុបជាទឹកប្រាក់ចំនួន ៨២៦,៥៤០ដុល្លារអាមេរិក ហើយអង្គការនឹងផ្តល់នូវជំនួយជាបន្តបន្ទាប់ទៀតជូនដល់ព្រឹទ្ធសភា នាពេលខាងមុខ ។

លោក គីម​ ជីនហ៊ូ តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកលបានគូសបញ្ជាក់ថា អង្គការចែករំលែកសង្គ្រោះជីវិតសកល មានគម្រោងចុះអនុស្សារណជាមួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ស្តីពីការផ្តល់ជំនួយមនុស្សធម៌បន្ថែម សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារសហរដ្ឋអាមេរិក។ ជំនួយជាថ្នាំពេទ្យ និងបរិក្ខាពេទ្យនេះ អង្គការចែករំលែកសង្គ្រោះជីវិតសកល ក៏បានផ្តល់ឱ្យប្រទេសនានាចំនួន១០ផ្សេងទៀត ក្នុងនោះក៏មានប្រទេសអ៊ុយក្រែនផងដែរ។

ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានថ្លែងថា ពិធីប្រគល់-ទទួលអំណោយនេះ វាពិតជាមានអត្ថន័យបំផុតនៅក្នុងឆ្នាំនេះ ហើយក៏ជាថ្ងៃគម្រប់ខួបទី២៥ឆ្នាំ នៃការកកើតទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។       ឯកឧត្តមបានរំលឹកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់ ជាពិសេសវិស័យសុខាភិបាល ការអភិវឌ្ឍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា «អ្វីពិសេសជាងនេះទៅទៀត គឺប្រទេសកម្ពុជា ជាដៃគូដ៏សំខាន់ក្នុងការទទួលបានជំនួយចំនួន ១៥០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ ។ ជំនួយទាំងអស់ រួមទាំងជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល មានគោលដៅសម្រាប់កាត់បន្ថយភាពក្រីក្រ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា។

ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ថា ជំនួយមនុស្សធម៌របស់អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) គឺពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា ក៏ដូចជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សេវា សុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំ​​ងជំងឺកាចសាហាវនានា ជាអាទិ៍៖ ជំងឺគ្រុនចាញ់, ជំងឺគ្រុនឈាម, ជំងឺកូវីដ-១៩ ជាដើម…។ល។ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងជម្រុញការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសកម្ម​ភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានបន្តថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព​ សាមគ្គីភាពរវាង កម្ពុជា-កូរ៉េ ពិសេ​ស​ រវាងព្រឹទ្ធសភាកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះអាយុជីវិតសកល។ ឯកឧត្តមបានបញ្ជាក់ថា អំណោយខាងលើនេះ ព្រឹទ្ធសភានឹងប្រគល់ជូនដល់ដៃប្រជាជនងាយរងគ្រោះ នៅតាមបណ្តាខេត្តនានា ក្នុងភូមិភាគទាំង៨ ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំង លោក សុខ សំណាង និងលោក ជា ធីរិទ្ធ ជាថ្នាក់ដឹកនាំក្រុមការងារសម្របសម្រួលកម្មវិធីជំនួយមនុស្សធម៌ខាងលើ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងកិច្ចសហការរៀបចំឱ្យមានកម្មវិធីជំនួយមនុស្សធម៌ដ៏មានសារៈប្រយោជន៍នេះឡើង។

គួរបញ្ជាក់ថា Global Life Sharing ជាអង្គការដែលជួយឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភលោក។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី