នារសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិក្បាលសេះ ភូមិក្រាំងធ្មៃ ភូមិចារ ភូមិគោកព្រីង ភូមិគោកត្រប់ និងភូមិលៀក ចំនួន ២,២៧៤នាក់ ស្ថិតនៅឃុំគោត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯកឧត្តមប្រធានគណៈកម្មការ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពរលដ្ឋទាំងអស់ឱ្យត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ តាមរយៈការហូបស្អាត រស់នៅស្អាត ប្រកាន់ភ្ជាប់នូវអនាម័យល្អ ពិសេសត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដុសមូលដ្ឋាន និង ដុសជំរុញឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យត្រៀមលក្ខណៈសម្បត្តិ និងឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅឃុំគោកត្រប់ ចំនួន ០៦ភូមិ ចំនួន ២,២៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល និងចំណាយផ្សេងៗ ដោយចំណាយអស់ថវិកាសរុបចំនួន ៤៥,៤៨០,០០០រៀល។ បន្ទាប់មក ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៨០នាក់ ស្ថិតនៅសាលាបឋមសិក្សាគោកត្រប់មុនស្ទ័រ ឃុំគោកត្រប់ និងបាននាំយកអំណោយមកចែកជូនដល់សិស្សានិសិស្ស ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ ០២ក្បាល, ប៊ិច ០៣ដើម, ជ័រលុប ០១, បន្ទាត់ ០១, ស្ករគ្រាប់ ០១កញ្ចប់ និងថវិកាមួយចំនួន។