នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកក្រុមប្រឹក្សាឃុំគោកត្រប់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន៣៧១នាក់ នៅសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពរលដ្ឋទាំងអស់ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ តាមសហគមន៍ ពិសេសត្រូវរួមសហការណ៍គ្នាអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងនាំគ្នាបន្តទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូលទី២ ទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នាផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចំនួន ៣៧១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ព្រមទាំងចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,១២០,០០០រៀល (ប្រាំបួនលាន មួយសែន ពីរម៉ឺនរៀល)៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន