ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត
ថ្ងៃពុធ ទី6 ខែមេសា ឆ្នាំ2022
នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០ ព្រឹទ្ធសភា) និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដើម្បីដាក់ប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ស្ថិតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
សមិទ្ធផលដែលសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការខាងលើរួមមាន៖ ផ្លូវថ្នល់ក្រាលគ្រួសក្រហម០១ខ្សែ ដែលមានប្រវែងទទឹង 6m x 2000m។ សាលាឆទាន ០១ខ្នង មានទំហំ15m x 20m ។ស្រះទឹក០១កន្លែង ទំហំ 40m x 100m។ លូទឹកឆ្លងកាត់អូរ 50m ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ធុល ឡារី បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ និងបិតបញ្ចប់ជាស្ថាពរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដោយចំណាយអស់ថវិកាសរុបចំនួន ២០៧,១៩៤,០០០រៀល(ពីររយប្រាំពីរលាន ដប់ប្រាំបួនម៉ឺនបួនពាន់រៀល)។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃ និងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពីភូមិស្រែកាន់ចិន ភូមិត្រពាំងព្រីង ភូមិច្រកស្តៅ ភូមិកោះទន្សែ និងភូមិទុងលេង ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង០១ និងថវិកា២ម៉ឺនរៀល និងបិទបញ្ចប់កម្មវិធីដោយការពិសាអាហារសាមគ្គីចំនួន ០១ពេល៕
អត្ថបទពាក់ព័ន្ធ