ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំត្រពាំងវែង
ថ្ងៃអាទិត្យ ទី26 ខែធ្នូ ឆ្នាំ2021
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំត្រពាំងវែងចំនួន១៧០នាក់ ស្ថិតនៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមប្រធានបានអំពាវនាវដល់អាជ្ញាធរឃុំត្រពាំងវែង ឱ្យបន្តអប់រំបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រីឯបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិចាកឆ្ងាយពីជំងឺកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋចំនួន១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល ព្រមទាំងឧបត្ថម្ភថវិកាចាក់គ្រួសនៅមណ្ឌលសុខភាពត្រពាំងវែងចំនួន២,០០០,០០០រៀល(ពីរលានរៀល) ឧបត្ថម្ភសំលៀកបំពាក់ដល់ប្រជាការពារ៣០កំប្លេ ចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ដោយចំណាយអស់ថវិកាសរុបចំនួន៩,៨៤៤,០០០រៀល (ប្រាំបួនលានប្រាំបីសែនបួនម៉ឺនបួនពាន់រៀល)។