នារសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងប្រជុំភាពជាដៃគូសភាអាស៊ី-អ៉ឺរ៉ុបលេីកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត ស្ថិតនៅសាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាប្រទេសជាសមាជិកនិងដៃគូជាង៣០ មានសមាជិកប្រតិភូជិត២០០នាក់នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួម។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើកទី១៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ដែលមានវត្តមាន លោកជំទាវ ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប ចូលផងដែរ៕