នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០ ដល់ម៉ោង១១:០០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ព្រឹទ្ធសភាបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ាលើកទី៤២ ដឹកនាំដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា។
គណៈកម្មាធិការនយោបាយ ធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្ដីសម្រេចនៃរបៀបវារៈចំនួន៥ រួមមាន៖ ១.របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ាលើកទី១២ ២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីធន់នឹងលំហរអ៊ីនធឺណែតមួយនៅក្នុងអាស៊ាន”(ស្នើដោយប្រទេសព្រុយណេ) ៣.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់សន្តិសុខមនុស្សជាតិនៅក្នុងបរិយាប័ន្នឌីជីថលសម្រាប់អាស៊ាន”(ស្នើដោយប្រទេសម៉ាឡេស៊ី) ៤.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ជម្រុញការទូតសភា ដើម្បីឆ្ពោះទៅសហគមន៍អាស៊ាន”(ស្នើដោយប្រទេសថៃ) និង ៥.គាំទ្រសភា ចំពោះស្ថានការណ៍នៅប្រទេស មីយ៉ាន់ម៉ា(ស្នើដោយប្រទេសឥណ្ឌូនេស៉ី) ——– មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រ៊ុយណេ។