Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម គង់ សារាជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
 ថ្ងៃព្រហស្បតិ៍ ទី​27 ខែមិថុនា ឆ្នាំ​2019

កាលពីយប់ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភាសរុបចំនូន៥៤លានរៀល ជូនជនរងគ្រោះដោយសារការបាក់ស្រុតអគារកម្ពស់៧ជាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនាមសម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តមបានសម្តែងនូវសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្វេង នៃការបាក់រលំអគារកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមទី១១ ភូុមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះឯកឧត្តម ក៏ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់សមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូន កូនក្មួយបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡេីយ ព្រមទាំងសូមជូនពរដល់បងប្អូន កូនក្មួយជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បេីយ និងបានវិលទៅប្រកបជីវភាពរស់នៅជាធម្មតាឡេីងវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ផ្តល់ជូនដល់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះដែនបានស្លាប់ចំនួន២៨នាក់ដោយក្នុងគ្រួសារសពនីមួយៗទទួលបានថវិកាចំនួនមួយលានរៀល ព្រមទាំងជូនថវិកាដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួនមួយលានរៀល ។
បន្ទាប់មកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០ព្រឹក ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញទៅពិនិត្យមើលទីតាំងជាក់ស្តែងនៅកន្លែងអគារកម្ពស់៧ជាន់បាក់រលំ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី