ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានកូនតូចៗមកពីភូមិលៀក ភូមិឈើនាង ភូមិគោកត្រប់ និងភូមិក្បាលសេះ ចំនួន២៣គ្រួសារ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ថ្ងៃសៅរ៌ ទី26 ខែឧសភា ឆ្នាំ2018
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានកូនតូចៗមកពីភូមិលៀក ភូមិឈើនាង ភូមិគោកត្រប់ និងភូមិក្បាលសេះ ចំនួន២៣គ្រួសារ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលមានបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ។ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេស ប្អូនៗ ក្មួយៗ ដែលមានកូនតូចៗ ដែលជាទំពាំងស្នងឫស្សី ត្រូវធ្វើយ៉ាងណាបង្កាឲ្យបានខ្ពស់បំផុត ពីព្រោះថា រដូវនេះជារដូវក្តៅ ដូចច្នេះកំដៅមាន ការកើនឡើងខ្លាំង មិនថាតែមនុស្សចាស់នោះទេ កូនតូចៗក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ។ ដូចច្នេះយើងត្រូវតាមដានឲ្យបានជាប់លាប់ និងទៀងទាត់។
ឯកឧត្តម ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយប្រើសិទ្ធិរបស់ខ្លួនបោះឆ្នោតជូន គណបក្សណាដែលបងប្អូនស្រលាញ់ ពេញចិត្ត ហើយដែលតែងតែនៅរួមសុខរួមទុក្ខ រក្សាការពារ ជាពិសេសយល់ច្បាស់អំពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ដែលគិតគូអំពីសុខទុក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាននាំយកទៅចែកជូននាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារៗ ទទួលបានថ្នាំវីតាមីន០៤បន្ទះ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារ៉ុង០១ ត្រីខកំប៉ុង០១ឡូ អំបិល០១គីឡូ ប៊ីចេង០១កញ្ចប់ និងថវិកា១០០.០០០រៀល។
អត្ថបទពាក់ព័ន្ធ