គណៈកម្មការទី១០ព្រឹទ្ធសភា ចុះស្វែងយល់អំពីលទ្ធផលនៃការអនុវត្តការងារនាពេលកន្លងមក និងទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម
ថ្ងៃព្រហស្បតិ៍ ទី4 ខែមិថុនា ឆ្នាំ2015
នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់អំពីលទ្ធផល នៃ ការអនុវត្តការងារនាពេលកន្លងមក និងទិសដៅការងាររបស់ក្រសួង នៅទីស្តីការក្រសួង។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា បច្ចុប្បន្ននេះដើម្បីត្រៀមចូល សមាហរណកម្មអាស៊ាន ក្រសួងបានធ្វើកំណែ ទម្រង់ផ្ទៃក្នុងរួមមាន៖ រចនាសម្ព័ន្ធចាត់តាំង រចនាសម្ព័ន្ធរដ្ឋបាល និងពង្រឹងកិច្ច សហប្រតិ បត្តិការជាតិ និងអន្តរជាតិ។ ដោយក្នុងនោះ ក្រសួង បានបង្កើតនាយកដ្ឋានចំនួន០៩ និង អគ្គនាយកដ្ឋាន០២បន្ថែមទៀត ដែលមានថ្នាក់ដឹកនាំកើតចេញពីការប្រឡងប្រជែង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ទន្ទឹមនឹងការតែងតាំងថ្មី ក្រសួង ក៏បានយកចិត្តទុកដាក់ចំពោះមន្រ្តីចាស់ៗ និង បានធ្វើការបណ្តុះបណ្តាលមន្រ្តីថ្មីៗ ដើម្បីឲ្យ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការងារជូនក្រសួង។
ចំពោះការអនុវត្តការងារនាពេលកន្លងមក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ បន្តទៀតថា ក្រសួងបានចុះសិក្សាស្រាវជ្រាវ នៅតាមបណ្តាខេត្ត ដោយបានជួបជាមួយនឹងអាជីវករ ប្រជាពលរដ្ឋ និងឈ្មួញ ក្នុងគោលបំណងស្វែងយល់អំពីរបៀបនៃការធ្វើ អាជីវកម្ម របស់ពួកគាត់។ ជាមួយគ្នានោះ ក្រសួងកំពុងបន្តអនុវត្តការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ និងកំពុងផលិតសេចក្តី ព្រាង ច្បាប់នានាដែលពាក់ព័ន្ធដល់ការធ្វើវិនិយោគ។
ឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ កែទម្រង់ថ្មី និងរបៀបនៃការចាត់តាំងថ្នាក់ដឹកនាំ របស់ក្រសួង ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី បានអនុវត្តនាពេលកន្លងមក។
ឯកឧត្តម បានមានប្រសាសន៍បន្តថា អ្វីៗដែលក្រសួងបាននឹងកំពុងធ្វើ គឺជាការឆ្លុះ បញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងពង្រឹងការ អភិវឌ្ឍលើវិស័យពាណិជ្ជកម្ម ដើម្បីលើកស្ទួយប្រទេសឲ្យមានការរីកចម្រើន សម្រាប់ការធ្វើសមាហរណកម្មអាស៊ាននាពេលខាង មុខ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ