ឯកឧត្តម ម៉ម ប៊ុននាង៖ បញ្ហាគ្រឿងញៀនត្រូវតែយកចិត្តទុកដាក់ ដើម្បីឱ្យភូមិ ឃុំមានសុវត្ថិភាព
ថ្ងៃច័ន្ទ ទី27 ខែមេសា ឆ្នាំ2015
បញ្ហាគ្រឿងញៀន គឺជាកត្តាចម្បងដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ ដើម្បីឱ្យមានសន្តិសុខ សុវត្ថិភាព នៅក្នុងភូមិ ឃុំ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ ជាអ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យអភិសេក ចម្រើនព្រះជន្ន និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះតេជព្រះគុណ លឹម សំបូរ ព្រះចៅអធិការវត្តទួលសាលា ស្ថិតក្នុងឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីបុណ្យនេះ ឯកឧត្តម ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ ឱ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវតែយកចិត្តទុក ធ្វើយ៉ាងណាលុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមក៏បានអំពាវនាវ ឱ្យបង ប្អូនប្រជាពលរដ្ឋ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឱ្យភូមិ ឃុំ មានសន្តិសុខ សុវត្ថិភាព។
ក្នុងពិធីបុណ្យនោះ ឯកឧត្តមបានជម្រាបជូនប្រជាពលរដ្ឋផងដែរ អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម នៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាល បាន និងកំពុងតែយកចិត្តទុកដាក់ ចំពោះជីវភាព និងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចជា៖ ការគិតគូពីការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ ឱ្យបានយ៉ាងតិច ១លានរៀល ក្នុងឆ្នាំ២០១៨។ ការដំឡើងប្រាក់ឈ្នួលជូន កម្មករ ឱ្យបាន ១៦០ដុល្លារ ក្នុងឆ្នាំ២០១៨។ និងការបញ្ចុះថ្លៃអគ្គិសនី ទឹក ប្រើប្រាស់ជូនបង ប្អូនកម្មករ ដើម្បីលើកស្ទួយកម្រឹតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ បានអញ្ជើញរាប់បាត្រព្រះសង្ឃចំនួន ១២៤អង្គ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន។
រូបភាព៖លេខាគ/កទី១០ និងអត្ថបទ៖លេខាអ្នកនាំពាក្យ
អត្ថបទពាក់ព័ន្ធ