តួនាទី ភារកិច្ច និងសមត្ថកិច្ច
របស់គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ
- គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ មានភារកិច្ចដូចតទៅ៖
ផ្តួចផ្តើមគំនិតស្នើច្បាប់ ឬស្នើសុំធ្វើវិសោធនកម្មច្បាប់ និងទទួលពិនិត្យឲ្យយោបល់លើសេចក្តីស្នើច្បាប់ សេចក្តីព្រាងច្បាប់ ឬសេចក្តីព្រាងវិសោធនកម្មច្បាប់ និងបញ្ហាទាំងពួងដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ
ផ្តួចផ្តើមគំនិតរៀបចំសវនាការ កិច្ចពិគ្រោះយោបល់ វេទិកាសាធារណៈ ឬសិក្ខាសាលាជាមួយក្រសួង ស្ថាប័ន ឥស្សរជនជាតិ អន្តរជាតិ អ្នកជំនាញការ និងសង្គមស៊ីវិល ដើម្បីប្រមូលព័ត៌មាន ឬធ្វើបទបង្ហាញពីការងារអ្វីមួយដែលជាប្រយោជន៍ដល់គណៈកម្មការ
អញ្ជើញតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សុំកែសម្រួល ឬអ្នកស្នើច្បាប់ ដែលជាម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង មកបំភ្លឺចំពោះមុខគណៈកម្មការ
ទំនាក់ទំនងជាមួយគណៈកម្មការនានារបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននានា ដើម្បីឈ្វេងយល់ជាមុននូវរាល់គំនិតផ្តួចផ្តើម ឬការសម្រេចលើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ សេចក្តីព្រាងវិសោធនកម្មច្បាប់ ឬបញ្ហាដែលពាក់ព័ន្ធនឹងសមត្តកិច្ចរបស់គណៈកម្មការ
ចុះបំពេញបេសកកម្មតាមក្រសួង ស្ថាប័ន និងភូមិភាគ ដើម្បីតាមដានការអនុវត្តច្បាប់ ឬបញ្ហាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ បន្ទាប់មកធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ផ្តល់អនុសាសន៍ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយ
ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូអភិវឌ្ឍន៍ សភាបណ្តាប្រទេសក្នុងតំបន់ សកលលោក និងស្ថានទូតនានា តាមរយៈការធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងកៀរគជំនួយសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងព្រឹទ្ធសភា
សិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ តាមរយៈសារព័ត៌មានជាតិ និងអន្តរជាតិ របាយការណ៍របស់ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដោយធ្វើការវិភាគ វាយតម្លៃ ហើយរាយការណ៍អំពីលទ្ធផល ដោយភ្ជាប់មកជាមួយអនុសាសន៍ ឬសំណូមពរ ប្រសិនបើមាន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា
- បំពេញការងារផ្សេងៗទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ប្រគល់ជូន។
ឯកសារយោង៖ តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី១០