នាថ្ងៃព្រហស្បតិ៍្តទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី៤ បានអញ្ជើញចូលរួម ពិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សាស្រះឈូកប្រាសាទ ត្នោត បន្ទាយនាង ឫស្សីក្រោក រហាត់ទឹក ចក ពង្រ អូរស្ងួត និងអគារទីចាត់ការ សរុបចំនួន១១ខ្នង ស្មេីនឹង៤៥បន្ទប់ ដែលមានតម្លៃសរុបជិត៥០ម៉ឺនដុល្លារ ស្ថិតនៅឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់អភិបាលស្រុកមង្គលបូរី រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដី នៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមធ្វើការកោតសរសើប្រកបដោយមោទនភាព និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំពុះពារយកចិត្តទុកបង្រៀនសិស្សក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលយើងទាំងអស់គ្នាបានចាត់ទុកថា គ្រូបង្រៀន គឺជាបេះដូងនៃការស្តារ និងការអភិវឌ្ឍវិស័យអប់រំ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថាសមិទ្ធិផលអគារសិក្សារួមនិងសមិទ្ធិផលនានា ដែលនឹងដាក់ឲ្យសម្ពោធជាផ្លូវការនៅពេលបន្តិចទៀតនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យអបរំ នៅកម្ពុជា អភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា និងសម្ភារសិក្សាផ្តល់និងចែកជូន: ១. ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថសឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល ២. ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ១៤នាក់ ក្នុង១នាក់ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល ៣. ឧបត្ថម្ភសិស្សានុសិស្ស៤២៥នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា៥ពាន់រៀល ៤. ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង១ ។ ៥.ឧបត្ថម្ភសសយក កាកបាទក្រហម និងក្រុម ការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ៤២នាក់ ម្នាក់ៗ១ម៉ឺនរៀល ។ ៦.ជួយថវិកា៥ម៉ឺនដុល្លាកសាងអគារសិក្សា១ខ្នង៥បន្ទប់ នៅសាលាបឋមសិក្សាចក ផងដែរ។