Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
តួនាទី ភារកិច្ច​ និងសមត្ថកិច្ច

 ថ្ងៃទី 1 ខែវិច្ឆិការ ឆ្នាំ2024

តួនាទី ភារកិច្ច​ និងសមត្ថកិច្ច របស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា


អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា

- គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារ សាធារណៈ មានភារកិច្ចដូចតទៅ ៖

    • ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ឬការងារផ្សេងៗទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ជូន

    • ផ្តួចផ្តើមគំនិតធ្វើច្បាប់ ឬស្នើសុំធ្វើវិសោធនកម្មច្បាប់ ឬបញ្ហាទាំងពួងដែលពាក់ ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ

    • ទំនាក់ទំនងជាមួយគណៈកម្មការនានារបស់រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ន នានាដើម្បីសិក្សាឈ្វេងយល់ជាមុនរាល់គំនិតផ្តួចផ្តើម និងការសម្រេចលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ឬបញ្ហាទាំងពួង ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ

    • អញ្ជើញតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សំណើសុំកែសម្រួល ឬអ្នកស្នើច្បាប់ ដែលជាម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង មកបំភ្លឺជូន គណៈកម្មការ

    • អញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឥស្សរជន អ្នកជំនាញការ ឬតំណាង សង្គមស៊ីវិល ចូលរួមឲ្យយោបល់លើបញ្ហាផ្សេងៗ

    • ធ្វើរបាយការណ៍អំពីលទ្ធផល នៃការពិនិត្យលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងអង្គព្រឹទ្ធសភា ដោយភ្ជាប់ជាមួយនូវអនុសាសន៍ ឬជាសំណូមពរ ឬចំណាប់អារម្មណ៍ផ្សេងៗ

    • សិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការ តាមរយៈរបាយការណ៍របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអង្គការអន្តរជាតិ សារព័ត៌មានជាតិ និងអន្តរជាតិ

    • បំពេញមុខងារតាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយធ្វើការត្រួត ពិនិត្យ វិភាគ វាយតម្លៃ និងសន្និដ្ឋាននៅលើកិច្ចការនានា បន្ទាប់មករៀបចំជារបាយការណ៍ ពិស្តារជូន គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងអង្គព្រឹទ្ធសភា

    • ផ្តួចផ្តើមគំនិតរៀបចំកិច្ចពិគ្រោះយោបល់ សិក្ខាសាលា បេសកកម្មក្នុង និងក្រៅប្រទេស របស់គណៈកម្មការ

    • ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការ អន្តរជាតិនានា សភាបណ្តាប្រទេសក្នុងតំបន់ និងសកលលោក តាមរយៈទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាឈ្វេងយល់បន្ថែមអំពីការអភិវឌ្ឍ ដែលពាក់ព័ន្ធទៅនឹងវិស័យជា សមត្ថកិច្ចរបស់គណៈកម្មការ ពិសេសដើម្បីកៀរគរជំនួយសម្រាប់អភិវឌ្ឍន៍ព្រឹទ្ធសភា និងអភិវឌ្ឍន៍ធនធានមនុស្ស

    • ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន និងសេចក្តីសម្រេចនេះ

    • បំពេញការងារផ្សេងៗទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ជូន ។


ឯកសារយោង ៖ សេចក្តីសម្រេច តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី៤